យោងតាមការប្រកាសរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ លោកប្រធានាធិបតីប្រទេសវេណេស៊ូអេឡា នីកូឡាស ម៉ាឌូរូ ត្រូវបានចាប់ខ្លួន បន្ទាប់ពីសហរដ្ឋអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំមួយលើប្រទេសនេះ។ យោងតាមការប្រកាសនៅលើបណ្តាញសង្គម ទ្រូស លោកប្រធានាធិបតី ម៉ាឌូរូ និងភរិយា ត្រូវបានចាប់ខ្លួនចេញពីប្រទេស បន្ទាប់ពីអាមេរិក បើកការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលទីក្រុង ការ៉ាកាស កាលពីព្រឹកថ្ងៃសៅរ៍ ទី3 ខែមករា ពោល គឺបន្ទាប់ពីការគំរាមអស់រយៈពេលជាច្រើនខែរបស់លោកប្រធានាធិបតី ត្រាំ ប្រឆាំងនឹងលោកប្រធានាធិបតី ម៉ាឌូរូ។ លោក នីកូឡាស ម៉ាឌូរូ ត្រូវបានបញ្ជូនទៅកាន់ទីស្នាក់ការកណ្តាលរបស់ទីភ្នាក់ងារអនុវត្តច្បាប់គ្រឿងញៀនសហរដ្ឋអាមេរិក ហៅកាត់ ឌី អី អេ (DEA) នៅក្នុងទីក្រុង ញ៉ូយ៉ក ស្របពេលដែលលោក ត្រូវបានចោទប្រកាន់ពីបទជាច្រើន ជាពិសេស មេក្លោងក្រុមភេរវកគ្រឿងញៀនក្នុងតំបន់ ហើយត្រូវបានរំពឹងថា នឹងបង្ហាញខ្លួននៅតុលាការសហព័ន្ធក្រុង មែនហាតាន នៅថ្ងៃចន្ទ ទី05 ខែមករានេះ។
