ម្ចាស់បទ «មាន់ស្រែ» អ្នកនាង រ៉ាប៊ី ថ្មីៗនេះ ទើបតែបញ្ចេញវីដេអូចម្រៀងថ្មីរបស់ខ្លួនដែលមានចំណងជើងថា «ពូកែក្រលាស់» រងនូវមតិរិះគន់ដូចទឹកបាក់ទំនប់ បន្ទាប់ពីយកយុវជនម្នាក់ដែលត្រូវបានគេស្គាល់ថាជាបុរសលក់បាយឆាក្រលាស់សក់ ផ្ទុះការទស្សនារាប់លានដងនៅក្នុងបណ្តាញសង្គម TikTok មកថតនៅក្នុងវីដេអូចម្រៀងថ្មីរបស់ខ្លួន។ 

មហាជនទាំងនោះ បាននាំគ្នាធ្វើការរិះគន់ទៅលើ រ៉ាប៊ី ខ្លាំងៗថា ជាតារាដែលតោងគេល្បី និងមិនគួរយកគំរូតាមនោះឡើយ ខណៈពេលដែលតារាចម្រៀងស្រីរូបនេះ ប្រឹងលើកកម្កើងយុវជនខាងលើ ដែលត្រូវបានមហាជនចាត់ទុកថាជាទំពាំងស្អុយ ជាបុគ្គលពាលនៅក្នុងសង្គម មកថត MV បានធ្វើឱ្យមានការអាប់ឱនដល់មុខមាត់ប្រទេសជាតិ និងជាគំរូមិនល្អសម្រាប់យុវជនជំនាន់ក្រោយ ក្នុងការយកតម្រាប់តាមជាដើម។

ស្របពេលដែលមានការរិះគន់យ៉ាងច្រើនលើសលប់បែបនេះ តារាចម្រៀងស្រីរូបនេះ ក៏បានចែករំលែកអារម្មណ៍ផ្ទាល់ខ្លួនតាមរយៈសំណេរមួយផងដែរថា យុវជនក្រលាស់សក់រូបនេះ នៅខាងក្រៅមានអត្តចរិតស្លូតបូតសុភាពរាបសា និងមានប្រវត្តិគួរឱ្យអាណិតផងដែរ។ រ៉ាប៊ី បន្តថា៖ «អាណិតប្អូនណាស់ជីវភាពក្រខ្សត់ បានល្បីដោយសារសក់រកលុយតិចតួច ត្រូវបានមនុស្សមួយចំនួនរិះគន់លើរូបរាងកាយទៀត ទាំងរបរប្អូនឆាបាយសោះ មិនបានទៅធ្វើបាបអ្នកណា»៕