កណ្តាល៖ 

ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ ដោយរថយន្តចំនួនបីគ្រឿង បានបុកបន្តគ្នា រួចជ្រុលទៅបុកអ្នកថ្មើជើងម្នាក់ បណ្តាលឲ្យស្លាប់បាត់បង់ជីវិតនៅនិងកន្លែងកើតហេតុ និង រងរបួសតៃកុងរថយន្តធ្ងន់ -ស្រាល ពីរនាក់ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ  ហើយ ខូចខាតរថយន្តបីគ្រឿង ក្នុងនោះ ពីរគ្រឿងខូចខាតធ្ងន់ និង មួយគ្រឿងខូចខាតស្រាល ។  ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង០៦និង៣៥នាទីព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ នៅលើកំណាត់ ផ្លូវជាតិលេខ21 ស្ថិតក្នុងភូមិព្រែកតាឡៃ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ។ 

លោកវរសេនីយ៍ឯក រស់ ចន្ថា អធិការនគរបាលស្រុកស្អាង បានប្រាប់អោយដឹងថា÷ មុនពេលកើតហេតុ មានរថយន្តមួយគ្រឿង ម៉ាកTOYOTA PRIUS  ពណ៌ខ្មៅ ពាក់ស្លាក លេខ ភ្នំពេញ 2CE-7731 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (រងរបួសធ្ងន់) ត្រូវបានសាច់ញ្ញាតិបញ្ជូនទៅមន្ទីរពេទ្យ មុនពេលសមត្ថកិច្ចទៅដល់  ដោយបើកបរក្នុងទិសដៅពី ជើងទៅត្បូង ។ 

ពេលមកដល់ចំណុចកើតហេតុ ក៏បានប៉ះជាមួយរថយន្តមួយគ្រឿងទៀត ម៉ាក Hyundai ពណ៌ស ពាក់ស្លាកលេខភ្នំពេញ3D-7838  ឯរថយន្ត Hyundai ក៏ជ្រុលទៅបុកអ្នកដំណើរថ្មើជើងម្នាក់ដែលកំពង់ដើរលើចិញ្ចើមផ្លូវខាងកើត ជាស្ត្រីវ័យចំណាស់ឈ្មោះ តេង តូច អាយុ៨៤ឆ្នាំ (ស្លាប់ភ្លាមៗនៅនិងកន្លែង  ) និងមានលំនៅដ្ធានក្មុងភូមិឃុំកើតហេតុ ឯអ្នកបើកបររថយន្ត មិនស្គាល់អត្តសញ្ញាណ(បានចុះរត់គេចចោលរថយន្ត )ដោយបើកបរក្នុងទិសដៅ ពីត្បូងទៅជើង ។

ចំនែកឯរថយន្តម៉ាក TOYOTA PRIUS  នៅមិនទាន់អស់ល្បឿនក៏បានរេចង្កូតទៅបុក រថយន្តមួយគ្រឿងទៀតម៉ាក ម៉ាស្តាពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BI 4848  បើកបរ ដោយឈ្មោះ ជួន យី ភេទប្រុស អាយុ៣៧ឆ្នាំ (រងរបួសស្រាល) មុខរបរ ជាងភ្លើង  បើកបរក្នុងទិសដៅពីត្បូងទៅជើង  ដោយមានអ្នករួមដំណើរជាក្រុមគ្រួសារប្រពន្ធនិងកូន ចំនួន០៥នាក់ មិនរងរបួសទេ  ។ 

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះអន្តរាគមន៍ ពិនិត្យវាស់វែង និងបាន យកវត្ថុតាង (រថយន្តទាំងបីគ្រឿង) មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធីច្បាប់៕