លោកស្រី ខារូឡាញ លីវីដ អ្នកនាំពាក្យសេតវិមានសហរដ្ឋអាមេរិកបានបញ្ជាក់ទៅកាន់អ្នកយកព័ត៌មានថា លោកប្រធានាធិបតី ដូណាល់ ត្រាំ នឹងមិនបោះបង់ចោលដំណើរការសន្តិភាពសម្រាប់ប្រទេសអ៊ុយក្រែននោះទេ ហើយក៏នឹងបន្តចូលរួមយ៉ាងសកម្មក្នុងកិច្ចចរចារសន្តិភាពសម្រាប់បិទបញ្ចប់សង្រ្គាមដ៏រាំរៃមួយនេះ។ ទន្ទឹមនឹងនេះ លោកប្រធានាធិបតីប្រទេសអ៊ុយក្រែន ហ្សេលេនស្គី ក៏បានថ្លែងបញ្ជាក់ថា ការចរចារវាងមន្ត្រីអ៊ុយក្រែន និងរុស្ស៊ី ត្រូវបានរំពឹងថានឹងបន្តធ្វើឡើងនៅថ្ងៃអាទិត្យខាងមុខនេះ ព្រមទាំងបានអំពាវនាវដល់សម្ព័ន្ធមិត្ត បន្តដាក់សម្ពាធលើទីក្រុងមូស្គូ។ ជាការឆ្លើយតប លោក គីរីល ឌីមីទ្រីវ បេសកជនពិសេសរបស់លោកប្រធានាធិបតីរុស្ស៊ី វ្លាឌីម៊ែរ ពូទីន បាននិយាយថា ការដកទ័ពរបស់អ៊ុយក្រែនចេញពីតំបន់ ដុនបាស គឺជាផ្លូវឆ្ពោះទៅរកសន្តិភាព។ បច្ចុប្បន្ន រុស្ស៊ីគ្រប់គ្រងប្រមាណ 90% នៃតំបន់ ដុនបាស ហើយលោកប្រធានាធិបតី ពូទីន ក៏បានបញ្ជាក់ម្តងហើយម្តងទៀតថា ប្រសិនបើអ៊ុយក្រែនមិនបោះបង់ចោលតំបន់នេះទេ នោះរុស្ស៊ីនឹងបន្តវាយដណ្តើមដោយកម្លាំង។