លោកស្រី ឌែលស៊ី រូឌ្រីហ្គេស ប្រធានាធិបតីស្តីទីរបស់ប្រទេសវេណេស៊ូអេឡា បានប្រកាសថ្កោលទោសជាថ្មីម្តងទៀតចំពោះអ្វីដែលលោកស្រីហៅថា ជា "ឧក្រិដ្ឋកម្មឈ្លានពាន" ប្រឆាំងនឹងប្រទេសវេណេស៊ូអេឡាដោយសហរដ្ឋអាមេរិក និងបានអំពាវនាវឲ្យមានសាមគ្គីភាពក្នុងចំណោមប្រជាជនវេណេស៊ូអេឡា។ លោកស្រី រូឌ្រីហ្គេស បានថ្លែងថា "ប្រជាជនវេណេស៊ូអេឡា បដិសេធការវាយប្រហារឧក្រិដ្ឋកម្មកាលពីថ្ងៃទី 3 ខែមករារបស់យោធាអាមេរិក និងថ្កោលទោសយ៉ាងខ្លាំងចំពោះការចាប់ខ្លួនប្រមុខរដ្ឋរបស់យើង គឺលោកប្រធានាធិបតី នីកូឡាស ម៉ាឌូរូ"។ គួរបញ្ជាក់ផងដែរថា យោធាអាមេរិក បានបើកការវាយប្រហារទ្រង់ទ្រាយធំ លើប្រទេសវេណេស៊ូអេឡាកាលពីថ្ងៃទី 3 ខែមករា និងចាប់ខ្លួនប្រធានាធិបតីដែលកំពុងកាន់អំណាចរបស់ប្រទេសនេះ គឺលោក ម៉ាឌូរូ ក្រោមការចោទប្រកាន់ពីបទឧក្រិដ្ឋភេរវកម្មគ្រឿងញៀន ដែលជំរុញឲ្យលោកស្រីអនុប្រធានាធិបតី ឌែលស៊ី រូឌ្រីហ្គេស ស្បថចូលកាន់តំណែងជាប្រធានាធិបតីស្តីទី។ ទន្ទឹមនឹងនេះ សហរដ្ឋអាមេរិកក៏បានប្រកាសថា ខ្លួននឹងចម្រាញ់ និងលក់ប្រេងឆៅរហូតដល់ 50 លានបារ៉ែលពីប្រទេសវេណេស៊ូអេឡា ព្រមទាំងព្រមានបើកការវាយប្រហារលើកទី 2 លើប្រទេសនេះ ប្រសិនបើរដ្ឋាភិបាលបច្ចុប្បន្ន មិនព្រមសហការ។