ភ្នំពេញ ៖
បុរសម្នាក់ ត្រូវរថយន្តដឹកអ្នកដំណើរមួយគ្រឿងបើកបុកពីក្រោយ ហើយ កិនបែកក្បាលស្លាប់នៅនឹងកន្លែងរួចរថយន្តបានបើកគេចបាត់ស្រមោល។
ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងកាលពីវេលាម៉ោង៥និង១០នាទីទៀបភ្លឺ ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៦ ស្ថិតតាមបណ្ដោយមហាវិថីព្រះមុនីវង្ស (មុខស្ថានទូតបារាំង) សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ជនរងគ្រោះរូបនោះឈ្មោះ រឿង ប៊ុនលី អាយុ៤១ឆ្នាំមានលំនៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខរាជធានីភ្នំពេញ ជិះម៉ូតូម៉ាក់ហុងដាសេ១២៥ស៊េរី២០០៧ពាក់ស្លាកលេខ ភ្នំពេញ 1Y-5498។
តាមសាក្សី បានអោយដឹងថាមុនពេលគ្រោះថ្នាក់នេះកើតឡើង គេបានឃើញបុរសរងគ្រោះ ជិះម៉ូតូមួយគ្រឿងខាងលើ ធ្វើដំណើរតាមវង្វង់មូលគួចកាណុងក្នុងទិសដៅពីជើងមកត្បូងឡើងមក មហាវិថីព្រះមុនីវង្ស ។ លុះមកដល់មុខស្ថានទូតបារាំង ស្រាប់តែមានរថយន្ដដឹកអ្នកដំណើរធុនធំមួយគ្រឿង មិនចាំស្លាកលេខ ធ្វើដំណើរស្របទិសគ្នាមកបុកពីក្រោយពេញទំហឹងហើយកិនចំក្បាលជនរងគ្រោះ បណ្តាលអោយបែកទាំងមួកស្លាប់នៅកន្លែងកើតហេតុ ហើយរថយន្ត បានគេចបាត់៕
