ភ្នំពេញ៖
ទីតាំងលួចលាក់លក់ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី ចំនួន ៥ កន្លែងទៀត ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងកងរាវុធហត្ថនៅតាមបណ្ដាខណ្ឌនានា ចុះបង្ក្រាប ដោយឃាត់ខ្លួនម្ចាស់ទីតាំងចំនួន ៥នាក់ព្រមទាំងដកហូតឧបករណ៍អេឡិចត្រូនិចសម្រាប់ជក់សារធាតុគីមីប្រមាណ១៣០០គ្រឿង ។
តាមកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអោយដឹងថា អាវុធហត្ថរាជធានីភ្នំពេញបានធ្វើការបង្ក្រាបទីតាំងលួចលក់ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី បន្តបន្ទាប់គ្នា ជាច្រើនកន្លែងនិងដកហូត វត្ថុតាងលើសពី ៣០ម៉ឺនគ្រឿង កន្លងទៅបានប៉ុន្មានថ្ងៃនេះ។
នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ អាវុធហត្ថរាជធានីភ្នំពេញ បានបង្ហាញលទ្ធផលបង្ក្រាបទីតាំងលួចលក់ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី ៥កន្លែងផ្សេងគ្នា បន្ថែមទៀត។ ទីតាំងចំនួន៥កន្លែងត្រូវបង្ក្រាបទាំងនោះរួមមាន៖ ចំណុចក្បែរវត្តច្បារអំពៅ ផ្លូវ៣៥៧ ភូមិដើមស្លែង សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ, ចំណុចភូមិ១០ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក, ចំណុចភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ, ចំណុចភូមិដំណាក់ធំទី១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ និង ស្ថិតក្នុងសង្តាត់ វាលវង់ ខណ្ឌ៧មករា ។
នៅក្នុងប្រតិបត្តិការ រវាងកម្លាំងជំនាញនៃការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថ ខណ្ឌច្បារអំពៅ, ខណ្ឌទួលគោក, ខណ្ឌឬស្សីកែវ, ខណ្ឌមានជ័យ, ខណ្ឌ៧មករា បានចាប់យកវត្ថុតាងសរុប ជាង១៣០០គ្រឿង រួមមាន៖ ម៉ាស៊ីនជក់ចម្រុះម៉ាក ចំនួន ៣៣៤ ម៉ាស៊ីន ក្បាលជក់ចម្រុះម៉ាក ចំនួន ១០៣០ក្បាល ព្រមទាំងឃាត់ខ្លួនម្ចាស់ទីតាំងទាំង៥កន្លែង បញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕
