បន្ទាប់ពីដាក់ឲ្យអនុវត្តច្បាប់ថ្មីស្តីពីការប្រើប្រាស់ឧបករណ៍ការពារក្បាល និងឧបករណ៍ការពារកែងសម្រាប់ថ្នាលអាយុក្រោម ១៦ឆ្នាំបាន ២សប្តាហ៍ នៃឆ្នាំ២០២៦ នេះ ឃើញថា ទទួលបានមតិរិះគន់ក្នុងន័យស្ថាបនាមួយចំនួន។ ក្នុងនោះ មានមតិថា កីឡាករថ្នាលដែលពាក់ឧបករណ៍ការពារក្បាលឡើងប្រកួតមួយរយៈកន្លងមកនេះ ពិបាកសម្រប ព្រោះពួកគេមិនទម្លាប់ ហើយកីឡាករខ្លះបានរាយការណ៍ប្រាប់គ្រូបង្វឹកពួកគេថា មានអារម្មណ៍ថាទើសៗ ពេលខ្លះបាំងភ្នែកពិបាកប្រកួត។ សូម្បីតែអ្នកចាប់គូថ្នាលនៅតាមកម្មវិធីមួយចំនួនក៏ចាប់ផ្តើមព្រួយបារម្ភខ្លាចវិធានមួយនេះអាចធ្វើឲ្យប៉ះពាល់ដល់ការចាប់គូថ្នាលផងដែរ។ បន្ទាប់ពីប្រមូលព័ត៌មានពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់យកមកធ្វើការវិភាគ និងពិចារណាយ៉ាងល្អិតល្អន់ជាមួយមន្ត្រីសហព័ន្ធ ទើបឯកឧត្តមប្រធាន ខូវ ឆាយ សម្រេចធ្វើការកែសម្រួលច្បាប់នេះឡើងវិញ។ 

 ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានធ្វើការសម្រេចឡើងវិញដូចខាងក្រោម ៖ 

ទី១, ផ្អាកជាបណ្តោះអាសន្ននូវការប្រើប្រាស់ឧបករណ៍ការពារក្បាល

ទី២, បន្តអនុវត្តប្រើប្រាស់ឧបករណ៍ការពារកែងដូចដែលបានកំណត់

សហព័ន្ធកីឡាប្រដាល់គុនខ្មែរនឹងបន្តពិនិត្យតាមដានអំពីផលប៉ះពាល់ និងសុវត្ថិភាពប្រកួតថ្នាលគុនខ្មែរ ព្រមទាំងប្រមូលព័ត៌មានមតិយោបល់ពីភាគីពាក់ព័ន្ធទាំងអស់ដើម្បីធានាថា ការអភិវឌ្ឍន៍គុនខ្មែរ ជាពិសេសកម្រិតយុវជនប្រព្រឹត្តទៅដោយមានតុល្យភាពរវាងការគាំទ្រ សុវត្ថិភាព គុណភាព បច្ចេកទេស និងកិច្ចសហការពីស្ថានីយទូរទស្សន៍ ដៃគូអភិវឌ្ឍន៍ សមាគម-ក្លឹប គ្រូបង្វឹក កីឡាករ-កីឡាការិនី បុគ្គលពាក់ព័ន្ធ និងមហាជនទាំងអស់ចូលរួមគាំទ្រកីឡាប្រដាល់គុនខ្មែរ ដែលជាកីឡាប្រពៃណី អត្តសញ្ញាណជាតិ និងចូលរួមផ្តល់មតិយោបល់ដោយស្ថាបនា ដើម្បីលើកស្ទួយគុនខ្មែរឲ្យកាន់តែរីកចម្រើនប្រកបដោយកិត្យានុភាពនៅលើឆាកអន្តរជាតិ។

ដូច្នេះចាប់ពីសប្តាហ៍នេះតទៅ គ្រប់ការប្រកួតគូថ្នាលអាយុក្រោម ១៦ឆ្នាំទាំងអស់លែងតម្រូវឲ្យពាក់ឧបករណ៍ការពារក្បាលទៀតហើយ ប៉ុន្តែនៅតម្រូវឲ្យពាក់ឧបករណ៍ការពារកែងដដែល។ គណៈកម្មការបច្ចេកទេសសហព័ន្ធមានភារកិច្ចត្រួតពិនិត្យលើបញ្ហានេះនៅគ្រប់កម្មវិធីប្រកួតទាំងអស់៕