ថ្លែងក្នុងសុន្ទរកថាប្រចាំថ្ងៃ លោកប្រធានាធិបតីប្រទេសអ៊ុយក្រែន វូលូឌីម៊ែរ ហ្សេលេនស្គី បានបញ្ជាក់ថា គណៈប្រតិភូអ៊ុយក្រែន បាននឹងកំពុងធ្វើកិច្ចចរចាលើផែនការសន្តិភាព ជាមួយមន្ត្រីតំណាងលោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ។ លោកប្រធានាធិបតី ហ្សេលេនស្គី ក៏បានសង្កត់ធ្ងន់ថា ទីក្រុងគៀវ ក៏កំពុងជូនដំណឹងដល់ទីក្រុងវ៉ាស៊ីនតោន អំពីស្ថានការណ៍សមរភូមិ និងការវាយប្រហារជាបន្តបន្ទាប់របស់រុស្ស៊ីលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន និងថា ទីក្រុងមូស្គូ មិនបានបង្ហាញចំណាប់អារម្មណ៍ពិតប្រាកដ លើការចរចារការទូតនោះទេ។ គួរបញ្ជាក់ផងដែរថា លោកប្រធានាធិបតី ត្រាំ ត្រូវបានរំពឹងថា នឹងចូលរួមក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកនៅក្នុងទីក្រុង ដាវូស ប្រទេសស្វីស ជាកន្លែងដែលលោក អាចនឹងជួបជាមួយលោកប្រធានាធិបតី ហ្សេលេនស្គី ដើម្បីពិភាក្សាអំពីស្ថានការណ៍បច្ចុប្បន្ននៃសង្រ្គាមឈ្លានពានរបស់រុស្ស៊ី ក្នុងប្រទេសអ៊ុយក្រែននេះ។