ម្ចាស់ជ័យលាភីលេខ១ ពីកម្មវិធីប្រកួត Miss Grand Cambodia 2023 កញ្ញា ភឹម ស្រីនោ កាន់តែទទួលបានការប្រជាប្រិយភាពពីមហាជននៅទូទាំងប្រទេស ជាពិសេសអ្នកដែលស្ថិតនៅក្នុងរង្វង់បវរកញ្ញាផ្ទាល់តែម្តង បើទោះបីជាផ្អាកសកម្មភាពនៅក្នុងវិស័យប្រកួតសម្រស់អស់រយៈពេលជាច្រើនឆ្នាំក៏ដោយ។ ដ្បិតថាយ៉ាងនេះក្តី បើតាមការឱ្យដឹងនាពេលថ្មីៗនេះ ស្រីនោ ក៏បានបញ្ជាក់ផងដែរថា នាងមានបំណងវិលចូលមកប្រលូកក្នុងវិស័យនេះម្តងទៀត ក៏ដោយសារតែតំណែងដែលនាងទទួលបានជា Miss Grand Cambodia មិនអាចប្រើប្រាស់បានទៀតនោះទេ ក្រោយអ្នកដឹកនាំការប្រកួតថ្នាក់ជាតិ និងម្ចាស់កម្មវិធី Miss Grand International មានបញ្ហាចម្រូងចម្រាសយ៉ាងធ្ងន់ធ្ងរ អំឡុងពេលដែលកម្ពុជាទទួលសិទ្ធរៀបចំការប្រកួតកម្មវិធីអន្តរជាតិនេះ កាលពីឆ្នាំ ២០២៤។ បវរកញ្ញារូបនេះបន្ថែមថា នាងបាននិងកំពុងសម្រួចសមត្ថភាពទៅលើផ្នែកដែលនាងគិតថានៅមានចំណុចខ្វះខាត ទាំងរូបរាង ដំណើរ និងភាសាជាដើម ដើម្បីចូលមកប្រកួតបវរកញ្ញាម្តងទៀតក្នុងពេលឆាប់ៗខាងមុខនេះ។

យ៉ាងណាមិញស្របពេលដែល បវរកញ្ញារូបនេះបានបង្ហើបពីគម្រោងនៃការវិលត្រលប់មកកាន់វិស័យប្រកួតសម្រស់វិញ ស្រាប់តែមហាជនបានបង្ហាញអារម្មណ៍រំភើប និងសម្តែងក្តីសាទរយ៉ាងខ្លាំង ចំពោះសមទ្ធិផលថ្មី ក្នុងនាមជាតារាសម្តែង បន្ទាប់ពី ស្រីនោ បានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងភាពយន្តខ្នាតធំរបស់ផលិតកម្ម LD Picture ដែលមានចំណងជើងថា «អាគារលស់ព្រលឹង» ដែលនឹងត្រៀមយកទៅចាក់បញ្ចាំងតាមរោងកុននានា នៅថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២៦ នេះតទៅ៕