ក្រុមខ្មាន់កាំភ្លើង បានចាប់ជំរិតមនុស្សរាប់សិបនាក់នៅក្នុងព្រះវិហារ 2 កន្លែងនៅតំបន់ភាគខាងជើងរបស់ប្រទេសនីហ្សេរីយ៉ា ដែលនេះ ជាការចាប់ជំរិតដ៏ធំបំផុតចុងក្រោយនៅក្នុងប្រទេសមួយ ដែលកំពុងស្ថិតក្រោមការតាមដានពីលោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ជុំវិញអ្វីដែលលោកហៅថា ជាការធ្វើទុក្ខបុកម្នេញលើអ្នកកាន់សាសានាគ្រិស្ត។ ក្រុមខ្មាន់កាំភ្លើង បានបើកការបាញ់ប្រហារ និងចាប់សមាជិកអ្នកកាន់សាសនាជាច្រើននាក់ អំឡុងពេលដែលពួកគេកំពុងធ្វើពិធីសាសនា។ ការចាប់ជំរិតនេះ បានបន្ថែមសម្ពាធកាន់តែខ្លាំងឡើងលើរដ្ឋាភិបាលរបស់ប្រទេសនីហ្សេរីយ៉ា ដែលបានបដិសេធការធ្វើទុក្ខបុកម្នេញលើអ្នកកាន់សាសនាគ្រិស្ត និងថាខ្លួនកំពុងចាត់វិធានការណ៍ ដើម្បីដោះស្រាយជាមួយក្រុមឥស្លាមនិយម និងក្រុមឧក្រិដ្ឋជន ដែលតែងតែកំណត់គោលដៅទាំងសហគមន៍មូស្លីម និងគ្រិស្តបរិស័ទ ដើម្បីទាមទារប្រាក់នោះ។