អ្នកគាំទ្រនៅទូទាំងពិភពលោកមានការភ្ញាក់ផ្អើលខ្លាំង ជាពិសេស Army ផ្ទាល់តែម្តង ខណៈពេលដែលក្រុមចម្រៀងបុរសដ៏ល្បីល្បាញរបស់ប្រទេសកូរ៉េខាងត្បូង BTS បានប្រកាសពីការវិលត្រលប់មកវិញលើវិស័យតន្ត្រី និងបានប្រកាសរៀបចំការប្រគំតន្ត្រីទេសចរណ៍ពិភពលោកលក្ខណៈទ្រង់ទ្រាយធំ សម្រាប់ឆ្នាំ ២០២៦-២០២៧ បន្ទាប់ពីក្រុមច្រៀងនេះបានផ្អាកសកម្មភាពអស់រយៈពេលបួនឆ្នាំកន្លងមក។
ការប្រគំតន្ត្រីទេសចរណ៍ពិភពលោកលើកនេះ នឹងចាប់ផ្តើមធ្វើដំបូងគេពីទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ចន្លោះថ្ងៃទី ៩, ១១ និង ១២ ខែមេសា ឆ្នាំ ២០២៦។ ក្រោយបញ្ចប់ការប្រគំតន្ត្រីនៅទីក្រុងសេអ៊ូល ពួកគេនឹងធ្វើបន្តដំណើរទៅ អាមេរិកខាងជើង អាមេរិកខាងត្បូង អឺរ៉ុប និងអាស៊ីជាដើម។
សូមបញ្ជាក់ដែរថា បន្ទាប់ពីការប្រកាសជាផ្លូវការពីការប្រគំតន្ត្រីខាងលើ មហាជននៅទូទាំងពិភពលោក មានការគាំទ្រយ៉ាងច្រើនលើសលប់ រហូតធ្វើឱ្យសណ្ឋាគារ និងជើងហោះហើរនៅក្នុងប្រទេសជាច្រើនត្រូវបានកក់ពេញយ៉ាងឆាប់រហ័ស ដែលនេះជាការឆ្លុះបញ្ចាំងឱ្យឃើញថា ក្រុមចម្រៀងបុរស BTS នៅតែមានឥទ្ធិពលក្នុងវិស័យតន្ត្រី K-pop។ លើសពីនេះ BTS ក៏បាននិងកំពុងត្រៀមបញ្ចេញអាល់ប៊ុមថ្មីផងដែរ ដែលត្រូវបានអ្នកគាំទ្ររំពឹងថា អាល់ប៊ុមថ្មីរបស់ពួកគេនឹងមានការដាក់លក់នៅថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៦ ខាងមុខនេះ៕
