កាលពីថ្ងៃទី ១ ខែមករា ឆ្នាំ២០២៦ កន្លងទៅថ្មីៗនេះ តារាសម្តែងដ៏ល្បីល្បាញប្រចាំប្រទេសកូរ៉េខាងត្បូង លោក ប្យ៉ុន វ៉ូ សុក (Byeon Woo Seok) បានធ្វើការបរិច្ចាគទឹកប្រាក់ចំនួន ១០០ លានវ៉ុន (ប្រហែល ៧ ម៉ឺនដុល្លារ) ទៅកាន់មន្ទីរពេទ្យ យ៉ុនសេ យូនីវើស៊ីធី សេវ៉ឺរ៉ាន់ (Yonsei University Severance Hospital) ដើម្បីជួយទ្រទ្រង់លើថ្លៃព្យាបាល សម្រាប់អ្នកជំងឺកុមារ និងក្មេងជំទង់ ដែលមានការខ្វះខាតខាងផ្នែកហិរញ្ញវត្ថុ។
ក្រោយការបរិច្ចាគទឹកប្រាក់ទៅកាន់មន្ទីរពេទ្យខាងលើ លោក ប្យ៉ុន វ៉ូ សុក (Byeon Woo Seok) បានរៀបរាប់ថា លោករីករាយសម្រាប់ការរួមចំណែកក្នុងកិច្ចការងារសង្គមនេះ។ ម្យ៉ាងវិញទៀត លោកក៏រំពឹងដែរថា តាមរយៈការបរិច្ចាគទឹកប្រាក់របស់លោក នឹងក្លាយជាផ្នែកមួយក្នុងការតបស្នងដល់សង្គមជាតិផងដែរ។
តារាប្រុសរូបនេះក៏សង្ឃឹមដែរថា មនុស្សគ្រប់រូប រួមទាំងប្អូនៗដែលជាអ្នកជំងឺ និងក្រុមគ្រួសារ របស់ពួកគេ អាចឆ្លងកាត់ទុក្ខលំបាកនេះ ឆ្ពោះទៅរកអនាគតដ៏ភ្លឺស្វាងបានដោយជោគជ័យថែមទៀតផង។
សូមបញ្ជាក់ថា នេះមិនមែនជាលើកទីមួយនោះទេ ដែលតារាសម្តែងរូបនេះបានចូលរួមសកម្មភាពមនុស្សធម៌ ពោល គឺនៅឆ្នាំ ២០២៤ លោក ប្យ៉ុន វ៉ូ សុក (Byeon Woo Seok) បានធ្វើការបរិច្ចាគប្រាក់ចំនួន ៣០០ លានវ៉ុន (ប្រហែល ២០ ម៉ឺនដុល្លារ) ដល់មន្ទីរពេទ្យ យ៉ុនសេ យូនីវើស៊ីធី សេវ៉ឺរ៉ាន់ (Yonsei University Severance Hospital) ផងដែរ ដើម្បីជួយសម្រាលបន្ទុកលើថ្លៃព្យាបាល អ្នកជំងឺកុមារ និងក្មេងជំទង់៕
