ក្របខណ្ឌបាល់ទាត់លីគកំពូលកម្ពុជាបានឈានមកដល់សប្តាហ៍ទី១៤ ហើយ។ សម្រាប់សប្តាហ៍នេះ មានការប្រកួតចំនួន ៥គូយ៉ាងជក់ចិត្ត។ ក្នុងនោះ ព្រះខ័នរាជស្វាយរៀងបានរអិលធ្លាក់ពីកំពូលតារាង បន្ទាប់ពីប្រកួតចាញ់វិសាខាក្នុងផ្ទះខ្លួនឯងដោយលទ្ធផល ១ទល់និង ២ ។ ក្នុងការប្រកួតនេះ ក្រុមម្ចាស់ផ្ទះបើកការនាំមុខ ១គ្រាប់មុន ធ្វើបានដោយកីឡាករ សារ៉េត គ្រីយ៉ា នៅនាទី១៩ ប៉ុន្តែកីឡាករ លឹម ពិសុទ្ធ បានរកគ្រាប់បាល់តាមស្មើវិញនៅនាទី ២៧ នៅមុនពេលដែលកីឡាករកូរ៉េខាងត្បូង ផាក់ជុនប៊ីន រកគ្រាប់បាល់ជ័យជម្នះនៅនាទី៣០។ ខណៈភ្នំពេញក្រោន បានយកឈ្នះទៅលើក្រុម ឡាយហ៍ ខេត្តព្រះសីហនុ ដោយលទ្ធផល ៣ទល់និង ០។ ក្រុមសឹង្ហក្រហមព្យាយាមគ្រប់គ្រងការប្រកួតតាំងពីតង់ទី១ ប៉ុន្តែគ្មានគ្រាប់បាល់កើតឡើង។ លុះចូលដល់តង់ទី២ នាទី៧១ កីឡាករ អៀម រតនា ទាត់បំប៉ោងសំណាញ់ទីឲ្យភ្នំពេញក្រោននាំមុខ ១ទល់និង ០ ហើយនៅចុងម៉ោងនាទី៨៨ ក្រុមម្ចាស់ផ្ទះបន្ថែមគ្រាប់ទី២ និងនៅគ្រាប់បាល់ទី៣ នៅនាទី ៩០+១ ។ ជ័យជម្នះនេះជួយឲ្យក្រុមសឹង្ហក្រហមហក់ឡើងមកឈរនៅទីកំពូលតារាងវិញ។ ១គូទៀត ជាជំនួបរវាងសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ និងបឹងកេត នៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ (ស្តាតចាស់)។ រឿងមិនគួរឲ្យជឿបានកើតឡើងនៅក្នុងការប្រកួតមួយនេះ ដោយមិនស្មានថា ក្រុមភ្ញៀវបឹងកេតបានបំបាក់ម្ចាស់ផ្ទះយ៉ាងចាស់ដៃដោយលទ្ធផល ០ទល់និង ៦។  ក្រៅពីលទ្ធផល ៣គូនេះ នៅមាន ២គូទៀត ដោយក្រុម ISI ដង្កោសែនជ័យបានត្រឹមចែកគ្នាម្ខាង ១ពិន្ទុជាមួយក្រុម Angkor Tiger ក្រោយប្រកួតចប់ ៩០នាទី លទ្ធផលស្មើគ្នា ២ទល់និង ២ ខណៈក្រុមណាហ្គាវើលដ៏ បានយកឈ្នះ អឹម អូអាយ កំពង់ដេវ៉ានៅក្រៅផ្ទះដោយលទ្ធផល ០-៣ ។ 

ដូច្នេះ សម្រាប់តារាងចំណាត់ថ្នាក់សប្តាហ៍នេះ ឃើញថា ក្រុមភ្នំពេញក្រោនបានហក់ឡើងមកឈរនៅចំណាត់ថ្នាក់លេខ១ វិញ ជាមួយកំណត់ត្រាមិនចាញ់ទាត់តែសោះគឺ ១៣ប្រកួត ឈ្នះ១០ និងស្មើ៣ មាន ៣៣ពិន្ទុ ខណៈព្រះខ័នរាជស្វាយរៀងចាញ់ ២ប្រកួតចុងក្រោយជាប់គ្នាធ្លាក់មកចំណាត់ថ្នាក់លេខ២ វិញ ដោយមាន ៣១ពិន្ទុ ហើយបឹងកេតឈ្នះ ២ប្រកួតជាប់គ្នា កើនបាន ២៥ពិន្ទុ ឡើងមកឈរនៅចំណាត់ថ្នាក់លេខ៣។ ចំណែកឯក្រុមដែលកំពុងស្ថិតក្នុងស្ថានភាពយ៉ាប់យ៉ឺនជាងគេគឺក្រុម ឡាយខេត្តព្រះសីហនុ ក្រោយឆ្លងកាត់ ១៤ប្រកួតកន្លងមក ទើបតែមាន ៤ពិន្ទុតែប៉ុណ្ណោះ៕