បន្ទាប់ពីមានការចោទប្រកាន់ពីបទគេចពន្ធពាក់ព័ន្ធនឹង លោក ឆា អ៊ឺនវូ (Cha Eun-woo) តារាសម្តែងដ៏មានប្រជាប្រិយភាព និងជាសមាជិកក្រុម ASTRO ពេលនេះភ្នាក់ងាររបស់លោក គឺក្រុមហ៊ុន Fantagio (ហ្វេនថេជា) បានចេញសេចក្តីថ្លែងការណ៍មួយឱ្យដឹងថា ក្រុមហ៊ុននឹងធ្វើការបញ្ជាក់ពីជំហរយ៉ាងរឹងមាំរបស់ខ្លួន ទៅតាមផ្លូវច្បាប់ដ៏សមស្របមួយ ដោយសង្កត់ធ្ងន់ថា ឆា អ៊ឺនវូ (Cha Eun-woo) និងតំណាងពន្ធដាររបស់លោក នឹងសហការយ៉ាងពេញទំហឹង ដើម្បីធានាបានថា ការស៊ើបអង្កេតនឹងត្រូវបញ្ចប់ឲ្យបានឆាប់រហ័សបំផុត ជាមួយការប្តេជ្ញាចិត្ត ក្នុងការបំពេញកាតព្វកិច្ចពីការរាយការណ៍ពន្ធដារ និងលក្ខខណ្ឌកំណត់ទៅតាមផ្លូវច្បាប់ ដោយសេចក្តីស្មោះត្រង់ក្នុងនាមជាពលរដ្ឋល្អម្នាក់។
យ៉ាងណាមិញនៅមុននេះផងដែរ នាយកដ្ឋានពន្ធដារ បានជូនដំណឹងដល់ ឆា អ៊ឺនវូ (Cha Eun-woo) អំពីពន្ធបន្ថែមដែលតារាប្រុសរូបនេះត្រូវបង់ រួមទាំងពន្ធលើប្រាក់ចំណូល ដែលសរុបជាទឹកប្រាក់ប្រមាណជាង ២០ ពាន់លានវ៉ុន ឬស្មើនឹង ១៣ លានដុល្លារអាមេរិក។
ដោយឡែកក្រោយរឿងអាស្រូវនេះកាន់តែផ្ទុះខ្លាំងឡើង ក៏មានរបាយការណ៍ផ្សេងទៀតបានចុះផ្សាយបន្ថែមថា ម៉ាកផលិតផលថែរក្សាស្បែក Abib បានកែសម្រួលវីដេអូដែលមាន ឆា អ៊ឺនវូ (Cha Eun-woo) នៅលើឆានែល YouTube និងប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀតទៅជាលក្ខណៈ ឯកជន ដែលធ្វើឱ្យសាធារណជនមិនអាចូលមើលវីដេអូទាំងនោះបានដោយសេរីទៀតនោះទេ។ ពួកគេក៏បានលុបសកម្មភាពផ្សេងៗរបស់តារាប្រុសរូបនេះពីការប្រកាសតែងតាំងជាឯកអគ្គរដ្ឋទូតសម្រាប់ម៉ាកយីហោរបស់ខ្លួននៅលើ X (Twitter) ផងដែរ។ ជាមួយគ្នានេះ ធនាគារ Shinhan ក៏បានលុបចោលនូវការផ្សាយពាណិជ្ជកម្មដែលមាន ឆា អ៊ឺនវូ (Cha Eun-woo) ដូចគ្នាដែរ ក៏ដោយសារតែម៉ាកយីហោនេះឱ្យតម្លៃលើភាពសុចរិតទៀងត្រង់។
ព័ត៌មាននេះកាន់តែរីករាលដាល និងធ្វើឱ្យមានការរិះគន់យ៉ាងឆាប់រហ័សនៅលើប្រព័ន្ធអ៊ីនធឺណិត ក៏ដោយសារតែការគេចពន្ធគឺជាបញ្ហាដ៏រសើបមួយនៅក្នុងសង្គមកូរ៉េខាងត្បូង និងត្រូវបានគេចាត់ទុកថា ស្មើនឹងបទល្មើសព្រហ្មទណ្ឌកម្រិតធ្ងន់ផងដែរ នេះបើតាមការយល់ឃើញរបស់ប្រជាជនដែលរស់នៅទីនោះផ្ទាល់។ លើសពីនេះ តួលេខខាងលើរាប់ទុកថា ជាចំនួនពន្ធខ្ពស់បំផុតមួយនៅក្នុងប្រវត្តិសាស្ត្រ ដែលមិនធ្លាប់មានពីមុនមកនោះទេ ទៅលើតារាល្បីជួរមុខនៅក្នុងប្រទេស រីឯអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនទៀត ក៏បានសន្និដ្ឋានដែរថា ឆា អ៊ឺនវូ (Cha Eun-woo) បានរៀបចំផែនការ ឬសម្រេចចិត្តចូលបម្រើកងទ័ពនៅពេលនេះ អាចជាមធ្យោបាយមួយដើម្បីយកការបម្រើយោធាជាខែល ក្នុងការគេចពីសម្ពាធ និងការរិះគន់ពីសាធារណជនជាដើម៕
