កាលពីថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២៦ កន្លងទៅនេះ មហាជនអ្នកគាំទ្រនៅក្នុងវិស័យបវរកញ្ញា បានផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីបវរកញ្ញាដែលស្ថិតនៅក្រោមទ្រនំរបស់ក្រុមហ៊ុន Cambodia International Model គឺ បវរកញ្ញាកូនកាត់ខ្មែរអង់គ្លេស រ៉ូសស្យែល ហ្សូលីយ៉ា ដែលត្រូវបានគេស្គាល់ថាជា Miss World Cambodia 2025 បានដាក់លិខិតមួយច្បាប់ទៅកាន់ក្រុមហ៊ុនខាងលើនេះផ្ទាល់តែម្តង ស្តីពីការលាឈប់ជាតារាស្ថិតនៅក្រោមការមើលថែរបស់ក្រុមហ៊ុន CIM បន្តទៅទៀត។
យោងតាមរយៈនៃសំណេរដែលបានបង្ហោះនៅលើបណ្តាញសង្គម ដោយមានភ្ជាប់ជាមួយរូបភាពលិខិតនេះ រ៉ូសស្យែល ហ្សូលីយ៉ា បានបញ្ជាក់ថា ការបាត់មុខនៅតាមកម្មវិធីផ្សេងៗអស់មួយរយៈកន្លងមក ក៏ដោយសារតែក្រុមហ៊ុន CIM មិនបានជួលនាងអស់ជាច្រើនខែមកហើយ ដូច្នេះទើបបវរកញ្ញាកូនកាត់រូបនេះ សម្រេចចិត្តដាក់លិខិតបញ្ចប់កិច្ចសន្យាទាំងស្រុងជាមួយក្រុមហ៊ុន CIM តែម្តង។ បវរកញ្ញាខាងលើបន្តថា ដ្បិតថាបានបញ្ចប់មុខងារជាបវរកញ្ញាដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុននេះក្តី នាងសង្ឃឹមថា បងប្អូននឹងនៅតែបន្តការគាំទ្រជាមួយឱកាសថ្មីរបស់នាងតទៀតផងដែរ។
យ៉ាងណាមិញ ជុំវិញបញ្ហានៃការដាក់លិខិតចាកចេញរបស់ កញ្ញា រ៉ូសស្យែល ហ្សូលីយ៉ា គេនៅមិនទាន់ឃើញមានការចេញមកបកស្រាយណាមួយពីក្រុមហ៊ុន CIM នៅឡើយទេ ខណៈពេលដែលអ្នកគាំទ្របាននិងកំពុងសាទរចំពោះការសម្រេចចិត្តរបស់នាងក្នុងការធ្វើរឿងមួយនេះ ហើយក្នុងនោះពួកគេក៏រំពឹងដែរថា នាងនឹងវិលមកប្រកួតនៅលើវេទិកាប្រកួតសម្រស់ណាមួយជាក់ជាពុំខាន៕
