ថ្មីៗនេះ ពេជ្រ វត្តីសារ៉ាវឌ្ឍី ម្ចាស់តំណែងលំដាប់រងទី២ នៃកម្មវិធី Miss Universe Cambodia 2025 បានបញ្ចេញវីដេអូផ្សព្វផ្សាយពីតំបន់ទេសចរណ៍នៅក្នុងខេត្តសៀមរាបជាបន្តបន្ទាប់ ក្នុងនោះស្រីស្អាតរូបនេះក៏ទទួលបានការគាំទ្រយ៉ាងច្រើនលើសលប់ពីសាធារណជនផងដែរ ដោយមានការចូលទៅទស្សនានៅលើបណ្តាញសង្គមរហូតដល់ទៅរាប់លានដងឯណោះ។
ស្របពេលដែលមានការគាំទ្រភ្លូកទឹកភ្លូកដីបែបនេះ ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏បានធ្វើការអរគុណទៅកាន់បងប្អូនសាធារណជនដែលស្រឡាញ់ចូលចិត្តវីដេអូខ្លួន តាមរយៈសកម្មភាពផ្សេងៗដូចជាការ Like, Share និង Comment ជាដើម។ វត្តី ក៏បានបញ្ជាក់ប្រាប់ពីគោលបំណង ក្នុងការធ្វើ Content ផ្សព្វផ្សាយពីខេត្តសៀមរាបឱ្យដឹងថា គឺដើម្បីចង់បង្ហាញពីសន្តិភាពទេសចរណ៍នៅក្នុងប្រទេសកម្ពុជា ទៅកាន់ភ្ញៀវជាតិនិងអន្តរជាតិ ឱ្យមកធ្វើដំណើរកម្សាន្តកាន់តែច្រើនឡើងបន្ថែមទៀត។
ដោយឡែកកាលពីថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២៦ កន្លងទៅ កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏បានបង្ហើបឱ្យដឹងថា នឹងបង្កើតគម្រោងជា Content បែបបវរកញ្ញាផង និង បែបម៉ូឌែលផង នៅតាមបណ្តាខេត្ត-ក្រុងទាំង ២៥ នៅក្នុងប្រទេសកម្ពុជា ដើម្បីរួមចំណែកក្នុងការផ្សព្វផ្សាយពីតំបន់ទេសចរណ៍នៅក្នុងខេត្តទាំងនោះ។ បវរកញ្ញារូបនេះ បន្តថា នៅក្នុងគម្រោងនេះ មិនត្រឹមតែធ្វើការផ្សព្វផ្សាយពីសក្តានុពលដែលមាននៅតាមខេត្ត-ក្រុងទាំងនោះប៉ុណ្ណោះទេ ប៉ុន្តែ ពេជ្រវត្តី ក៏នឹងឆ្លៀតឱកាសនេះ ចូលរួមធ្វើសកម្មភាពសប្បុរសធម៌ជួយដល់សង្គម និងក្មេងៗនៅតាមមណ្ឌលកុមារកំព្រាជាដើម។
ក្រោយបង្ហើបពីគម្រោងនេះភ្លាម មហាជនបានសម្តែងការសាទរ និងគាំទ្រយ៉ាងខ្លាំង ទៅលើគម្រោងរបស់ កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ព្រោះនេះបានទាំងការលើកស្ទួយពីតំបន់ទេសចរណ៍នៅក្នុងស្រុក ក៏ដូចជាសកម្មភាពនៃការធ្វើសប្បុរសធម៌ថែមទៀតផង៕
