ថ្មីៗនេះ ក្រុម EXO បានប្រកាសពីការវិលត្រលប់មកកាន់ឧស្សាហកម្មតន្ត្រីសារជាថ្មីម្តងទៀត ជាមួយការបញ្ចេញអាល់ប៊ុមពេញទី ៨ របស់ខ្លួន ដែលមានចំណងជើងថា «REVERXE» (រីវ៉ើស)។ ក្រោយបញ្ចេញអាល់ប៊ុមខាងលើ ក្រុម K-Pop ជំនាន់ទី ៣ នេះ ទទួលបានភាពជោគជ័យគួរឱ្យកត់សម្គាល់ផងដែរ ដោយក្នុងនោះពួកគេអាចដណ្តើមបានចំណាត់ថ្នាក់លេខ ១ នៅលើតារាង QQ Music របស់ប្រទេសចិន និងទទួលបានវិញ្ញាបនបត្រ Double Platinum (លក់បានជាង ២ លានយ័ន ប្រមាណ ២៨ ម៉ឺនដុល្លារ) ថែមទៀតផង ខណៈពេលដែល EXO បាននិងកំពុងឈរនៅលំដាប់កំពូលនៃតារាង iTunes Top Albums Chart នៅក្នុងប្រទេសចំនួន ៣៥ នៅទូទាំងពិភពលោក និងបានជាប់នៅក្នុងកំពូលទាំង ១០ នៅក្នុង ៤៨ ប្រទេសផ្សេងទៀត។ ក្រៅពីនេះ អាល់ប៊ុមរបស់ពួកគេ ថែមទាំងបានជាប់ចំណាត់ថ្នាក់លេខ ១ នៅលើតារាង RecoChoku Daily Album Chart និងតារាង AWA real-time របស់ប្រទេសជប៉ុន ក៏ដូចជា ដណ្តើមបានជើងឯកប្រចាំថ្ងៃនៅលើតារាង Hanteo របស់កូរ៉េខាងត្បូងផងដែរ។
សូមបញ្ជាក់ថា អាល់ប៊ុមពេញទី ៨ របស់ EXO ដែលមានចំណងជើងថា «REVERXE» (រីវ៉ើស) បានដាក់លក់នៅលើទីផ្សារកាលពីថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២៦ កន្លងទៅ។ នៅក្នុងថ្ងៃបញ្ចេញអាល់ប៊ុមនេះ EXO ក៏បានធ្វើការសម្តែងនៅ Grand Peace Hall របស់សាកលវិទ្យាល័យ Kyung Hee ក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូងផងដែរ ដោយក្រុមចម្រៀងខាងលើ បាន សម្តែងបទចម្រៀងមួយចំនួនដូចជា បទ «Crown» និង បទ «I'm Home» ដើម្បីបង្ហាញពីការដឹងគុណចំពោះអ្នកគាំទ្រដ៏រឹងមាំរបស់ពួកគេ៕
