កាលពីថ្ងៃទី ៥ ខែមករា ឆ្នាំ២០២៦ វីដេអូចម្រៀងរបស់ ថេយ៉ុន (Taeyeon) ដែលមានចំណងជើងថា «Fine» ទទួលបានការចូលទស្សនារហូតដល់ទៅ ១០០ លានដងនៅលើ YouTube និងបានក្លាយជាវីដេអូចម្រៀងទោលទីពីរដែលមានអ្នកទស្សនាច្រើនបែបនេះ បន្ទាប់ពីបទ «I (feat. Verbal Jint)»។
វីដេអូចម្រៀង «Fine» បានចេញផ្សាយនៅថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០១៧ ជាបទមួយក្នុងចំណោមបទចម្រៀងជាច្រើនទៀត ពីអាល់ប៊ុមទោលដំបូងរបស់នាងដែលមានឈ្មោះថា «My Voice» ។ វីដេអូចម្រៀងនេះ បានសម្រេចគោលដៅ ដោយមានអ្នកទស្សនា ១០០ លានដង ក្នុងរយៈពេល ៨ ឆ្នាំ ១០ ខែ។
គួររំលឹកដែរថា កាលពីដើមខែធ្នូកន្លងទៅ ថេយ៉ុន (Taeyeon) បានចេញអាល់ប៊ុមទោល ដែលមានឈ្មោះថា «Panorama: The Best of TAEYEON» ដើម្បីជាការអបអរសាទរគម្រប់ខួប ១០ ឆ្នាំ ក្នុងនាមជាតារាចម្រៀងទោល។ នៅក្នុងអាល់ប៊ុមនេះមានបទចម្រៀងសំខាន់ៗ ដែលបានឆ្លុះបញ្ចាំងពីដំណើរជីវិត នៅលើវិថីតន្ត្រីដ៏អស្ចារ្យរបស់នាងក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ។ អាល់ប៊ុមនេះផងដែរ ក៏បានបញ្ជាក់ឱ្យកាន់តែដឹងយ៉ាងច្បាស់ថា ថេយ៉ុន (Taeyeon) នៅតែជាសិល្បករស្រីឈានមុខគេក្នុងវិស័យ K-pop និងនៅតែទទួលបានប្រជាប្រិយភាពច្រើនលើសលប់ពីអ្នកគាំទ្រនៅទូទាំងពិភពលោក៕
