គិរីវង់ ISI ទ័ព និងឡាយហ្វ ឈ្នះគូប្រជែងរៀងៗខ្លួន ជើងទី១ វគ្គ១៦ក្រុមថ្នាក់ជាតិ ពានសម្តេចតេជោ ហ៊ុន សែន

Sports • January 30, 2026
 គិរីវង់ ISI ទ័ព និងឡាយហ្វ ឈ្នះគូប្រជែងរៀងៗខ្លួន ជើងទី១ វគ្គ១៦ក្រុមថ្នាក់ជាតិ ពានសម្តេចតេជោ ហ៊ុន សែន

ការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន វគ្គ១៦ក្រុមថ្នាក់ជាតិ បានរកឃើញលទ្ធផល ៤ប្រកួតបន្ថែម ដូចជាក្រុមគិរីវង់សុខសែនជ័យ ISIដង្កោសែនជ័យ ក្រុមទ័ព និងក្រុមឡាយហ្វខេត្តព្រះសីហនុ ដែលបានយកឈ្នះលើគូប្រជែងរៀងៗខ្លួន នៅជើងទី១ កាលពីល្ងាចថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦។

 លទ្ធផល៤ប្រកួតនេះ រួមមាន៖ ម្ចាស់ផ្ទះ គិរីវង់សុខសែនជ័យ បានយកឈ្នះក្រុមភ្ញៀវ អង្គរថាយហ្គឺរ ២ ទល់និង០, ម្ចាស់ផ្ទះ MOI កំពង់ដេវ៉ា ប្រកួតចាញ់ ISI ដង្កោសែនជ័យ ២ទល់និង៣, ម្ចាស់ផ្ទះឡើងពីថ្នាក់ខេត្ត ក្រុមមន្ទីរអប់រំខេត្តកំពង់ចាម ចាញ់ក្រុមទ័ព ០ទល់និង៤ ខណៈក្រុមម្ចាស់ផ្ទះ ឡាយហ្វខេត្តព្រះសីហនុ បានយកឈ្នះណាហ្គាវើលដ៍ ១ទល់និង០។ 

 ចំពោះការប្រកួត នៅជើងទី២ គ្រោងនឹងធ្វើឡើង នាថ្ងៃទី០៤ ខែកុម្ភៈ ចំនួន ៣ប្រកួត និងនៅថ្ងៃទី១១ ខែកុម្ភៈមាន៥ប្រកួត ដើម្បីកាត់សេចក្តីស្វែងរកក្រុមជ័យលាភី៨ក្រុមឡើងទៅវគ្គ៨ក្រុមចុងក្រោយ ឬវគ្គ១/៤ ថ្នាក់ជាតិ។ នេះបើយោងតាមកម្មវិធីប្រកួតដែលកំណត់បង្ហាញដោយគណៈកម្មការបាល់ទាត់ជាតិកម្ពុជា (CNCC)។

គួរបញ្ជាក់ថា គូប្រកួតទាំង៨គូត្រូវប្រកួតជាមួយគ្នាចំនួន២ជើង (ផ្លាស់ប្តូរទឹកដីគ្នាម្តងម្នាក់) ដោយក្រុមចាញ់ៗនឹងធ្លាក់ចេញពីការប្រកួតតែម្តង ខណៈក្រុមឈ្នះៗនឹងឡើងទៅប្រកួតនៅវគ្គបន្ត រហូតដល់រកឃើញក្រុមខ្លាំងៗ៤ក្រុមចុងក្រោយ ដើម្បីស្វែងរកក្រុមម្ចាស់ជើងឯក ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ប្រចាំរដូវកាល ២០២៥-២០២៦ ដែលគ្រោងនឹងបញ្ចប់នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ ខាងមុខតែម្តង៕