យោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកបានឱ្យដឹងថា តារាចម្រៀងកូរ៉េដ៏ល្បីល្បាញ «ជេននី» (Jennie) សមាជិករបស់ក្រុម BLACKPINK នឹងរៀបចំព្រឹត្តិការណ៍តាំងពិព័រណ៍រូបថតជាលើកដំបូងរបស់ខ្លួន ដែលមានឈ្មោះថា «ជេធូអិនអិនអាយហ្វាយ» (J2NNI5) នៅអគារ «យ៉ូស ខ្វេក» (Youthquake) ក្នុងតំបន់ «ជុងណូ ហ្គូ» (Jongno-gu) ទីក្រុងសេអ៊ូល ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ដើម្បីអបអរខួបកំណើតគម្រប់ ៣០ ឆ្នាំរបស់នាង។
ការតាំងពិព័រណ៍នេះ នឹងមានការដាក់តាំងបង្ហាញរូបថតរបស់ «ជេននី» (Jennie) នៅអំឡុងពេលដែលនាងមានអាយុ ២៥ ឆ្នាំ ដែលរូបភាពទាំងនេះ មិនធ្លាប់ត្រូវបានយកទៅផ្សព្វផ្សាយពីមុនមកនោះទេ។ រូបថតទាំងនេះទៀតសោត មានការថតដោយជាងថតរូបកូរ៉េល្បីៗរួមមាន «ហុង ចាងយ៉ុន» (Hong Jang Hyun), «ស៊ីន ស៊ុនហេ» (Shin Sunhye) និង «ម៉ុក ជុងវ៉ូក» (Mok Jungwook)។
សូមបញ្ជាក់ថា ការតាំងពិព័រណ៍ខាងលើ មានការចូលរួមយ៉ាងពេញទំហឹងពី «ជេននី» (Jennie) ទាំងការផ្តួចផ្តើមក្នុងការរៀបចំព្រឹត្តិការណ៍ និងការជ្រើសរើសរូបភាពសម្រាប់ Photobook ដែលនឹងត្រូវដាក់លក់នៅថ្ងៃនោះផងដែរ។ ដោយឡែកសំបុត្រសម្រាប់ការចូលរួមនៅក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍ «ជេធូអិនអិនអាយហ្វាយ» (J2NNI5) នឹងធ្វើការដាក់លក់ នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦ តាមរយៈ «មេឡន់ ធីកឃីត» (Melon Ticket) ដោយប្រាក់ចំណូលដែលទទួលបានទាំងអស់ នឹងយកទៅបរិច្ចាគទៅកាន់មូលនិធិសប្បុរសធម៌ថែមទៀតផង៕
