ភ្នំពេញ៖ 

រថយន្តស៊េរីទំនើបម៉ាក Jeep មួយគ្រឿង បើកបរដោយនារីម្នាក់ក្នុងល្បឿនលឿន ស្រាប់តែរ៉េចង្កូតជ្រុលទៅបុកសំយ៉ាបផ្ទះពលរដ្ឋ រួចបន្តទៅបុកបង្គោលភ្លើងបាក់១ដើម និង បន្តទៅបុកចូលដល់ក្នុងផ្ទះរងការខូចខាតរថយន្តមួយគ្រឿងនិងសម្ភារះមួយចំនួនធំ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ បានកើតឡើងកាលពីវេលាម៉ោង១២:៣០នាទីយប់ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្តោយផ្លូវជាតលេខ៥  ក្នុងសង្កាត់ ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ 

បើតាមការបញ្ជាក់ពីកន្លែងកើតហេតុ បានឲ្យដឹងថានៅមុនពេលកើតហេតុ គេឃើញរថយន្តបង្កម៉ាក Jeep ពណ៌ខ្មៅមួយគ្រឿង ពាក់ផ្លាកលេខភ្នំពេញ 2CE-9282 បើកបរដោយនារីម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៥ទិសដៅពីត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿន។ លុះពេលបើកមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែរ៉េចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុកសំយ៉ាបផ្ទះពលរដ្ឋ រួចបន្តទៅបុកបង្គោលភ្លើងបាក់ចំនួន១ដើមហើយរថយន្តមិនទាន់អស់ល្បឿនក៏បន្តទៅបុកចូលដល់ក្នុងផ្ទះពលរដ្ឋរងការខូចខាតរថយន្តមួយគ្រឿង និង ទ្វារផ្ទះអស់២ផ្ទាំង ទើបរថយន្តទៅមុខលែង រួចសំណាងល្អមិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្ស ហើយភ្លាមោះដែរប្រជាពលរដ្ឋឃាត់នារីជាអ្នកបើករថយន្តបង្កទុកប្រគល់ឲ្យសមត្ថកិច្ច។

បន្ទាប់ពីកើតហេតុ ដោយភាគីម្ចាស់រថយន្តបង្កព្រមសងជាសំណងថ្លៃខូចខាតទៅលើម្ចាស់ផ្ទះដើម្បីបញ្ចប់រឿងនៅហ្នឹងកន្លែងកើតហេតុតែម្តង ។ រីឯរថយន្តវិញ ត្រូវសមត្ថកិច្ចធ្វើការ ស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំការដោះស្រាយនៅពេលក្រោយ ដោយមូលហេតុបុកបង្គោលភ្លើងបាក់ចំនួន១ដើមជាទ្រព្យសម្បត្តិរដ្ឋ ៕