ថ្មីៗនេះ អ្នកគាំទ្រ K-Drama បាននិងកំពុងត្រៀមខ្លួនស្វាគមន៍រឿងភាគកូរ៉េថ្មី បែបកំប្លែង-មនោសញ្ចេតនារបស់ Netflix ដែលមានចំណងជើងថា ប៊យហ្វ្រេន អន ឌីមែន (Boyfriend on Demand) ដែលសម្តែងដោយ ជីស៊ូ (Jisoo) សមាជិកក្រុម BLACKPINK។ នៅក្នុងរឿងភាគនេះ ជីស៊ូ (Jisoo) ដើរតួជា ស៊ មីរ៉េ (Seo Mi Rae) ជាផលិតករ វេបទូន (Webtoon) សម្តែងរួមគ្នាជាមួយ ស៊ អ៊ីនហ្គុក (Seo In Guk) ដើរតួជា ផាក គ្យុងណាំ (Park Gyeong Nam) ដែលជាមិត្តរួមការងារ និងជាគូប្រជែងដ៏សំខាន់របស់ ស៊ មីរ៉េ (Seo Mi Rae)។ 

នៅក្នុងសាច់រឿង ប៊យហ្វ្រេន អន ឌីមែន (Boyfriend on Demand) នឹងនាំទស្សនិកជនទៅតាមដានខ្សែជីវិតរបស់ ស៊ មីរ៉េ (Seo Mi Rae) ដែលជាស្ត្រីម្នាក់ងប់ងល់នឹងការងារស្ទើរតែពេញមួយជីវិត គ្មានពេលសូម្បីគិតលើរឿងស្នេហានោះឡើយ។ រហូតមានពេលមួយបានធ្វើឱ្យនាងជួបនឹងកម្មវិធីមួយដោយចៃដន្យនៅលើអ៊ីនធឺណិត ហើយបានចុះឈ្មោះនៅក្នុងកម្មវិធីនោះ ដើម្បីស្វែងរកសង្សារបែបសប្បនិមិត្ម ដោយចង់ទទួលបានបទពិសោធន៍ក្នុងការណាត់ជួបបុរសក្នុងក្តីស្រមៃដែលនាងចង់បាន។ បទពិសោធន៍ដែលនាងទទួលបានពីកម្មវិធីនេះ បានធ្វើឱ្យបេះដូងរបស់នាងលោតញាប់ដោយមិនដឹងខ្លួនផងដែរ។ ដោយឡែកនៅក្នុងជីវិតពិត នាងត្រូវប្រឈមមុខនឹង ផាក គ្យុងណាំ (Park Gyeong Nam) ដែលជាមិត្តរួមការងារដ៏ម៉ឺងម៉ាត់ និងស្ងប់ស្ងាត់ ប៉ុន្តែមានលាក់អាថ៌កំបាំងអ្វីមួយនៅពីក្រោយខ្នង រហូតបានធ្វើឱ្យ ស៊ មីរ៉េ (Seo Mi Rae) មានការមិនស្រណុកចិត្តជាខ្លាំង។ 

សូមបញ្ជាក់ថា ខ្សែភាពយន្តនេះមានការដឹកនាំដោយ គីម ជុងស៊ីក (Kim Jung Shik) ពីអ្នកដឹកនាំរឿង ស្ត្រង ហ្គឺល ណាំស៊ូន (Strong Girl Nam-soon)។ ធានាថាអ្នកគាំទ្រនឹងទទួលបាននូវអារម្មណ៍ថ្មីប្លែក ខុសពី K-Drama ផ្សេងទៀត ដែលរឿងនេះនឹងត្រូវចេញផ្សាយនៅលើ Netflix ក្នុងឆ្នាំ 2026 ឆាប់ៗខាងមុខនេះ៕