ថ្មីៗនេះមហាជនអ្នកគាំទ្រ មានការព្រួយបារម្ភជាខ្លាំង បន្ទាប់ពី លោក ខេននី ហូ (Kenny Ho) ដែលត្រូវបានគេស្គាល់យ៉ាងច្បាស់តាមរយៈតួអង្គ ចាន់ចាវ នៅក្នុងរឿងភាគបុរាណចិន «តុលាការមុខដែក» អំឡុងទសវត្សរ៍ឆ្នាំ ៩០ បានបង្ហោះវីដេអូមួយ ខណៈកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមួយកន្លែង ដោយមិនបានបញ្ជាក់លម្អិតពីស្ថានភាពជំងឺនោះឡើយ។
ដោយមានការព្រួយបារម្ភពីអ្នកគាំទ្រជាបន្តបន្ទាប់ តារាប្រុសរូបនេះក៏បានសម្រេចចិត្តធ្វើការផ្សាយផ្ទាល់និយាយពីដើមចមនៃការចូលសម្រាកនៅក្នុងមន្ទីរពេទ្យរបស់គាត់ ដោយរៀបរាប់ថា កាលពីមួយរយៈមុន គាត់មានអាការក្អករ៉ាំរ៉ៃ ហើយក៏បានលេបថ្នាំព្យាបាល ប៉ុន្តែអំឡុងពេលនោះបានធ្វើឱ្យសម្ពាធឈាមរបស់គាត់មានការកើនឡើងខ្ពស់ទៅវិញ។ ដោយឃើញថាស្ថានភាពមិនសូវស្រួល គាត់ក៏បានទៅកាន់មន្ទីរពេទ្យដើម្បីធ្វើការពិនិត្យសុខភាពភ្លាមៗ និងបានរកឃើញថា មានបញ្ហាពាក់ព័ន្ធនឹងក្រពេញប្រូស្តាតរីកធំបន្តិច រួមទាំងមានបញ្ហាពាក់ព័ន្ធនឹងថង់ខ្យល់ក្នុងសួតផងដែរ។ គាត់បន្តថា វាគឺជារឿងធម្មតានោះទេ ដែលមនុស្សមានវ័យចន្លោះពី ៥០ ទៅ ៦០ ឆ្នាំ ជួបប្រទះនូវរឿងអស់ទាំងនេះ។
គួរឱ្យដឹងដែរថា បច្ចុប្បន្ន លោក ខេននី ហូ (Kenny Ho) មានអាយុ ៦៦ ឆ្នាំ និងបានផ្អាកដើរក្នុងវិស័យភាពយន្តអស់រយៈពេលជាច្រើនឆ្នាំផងដែរ ដោយងាកទៅធ្វើមុខជំនួញក្នុងវិស័យម្ហូបអាហារ និងផលិតផលដើម្បីសុខភាពវិញ។ ជាមួយគ្នានេះ កាលពីចុងឆ្នាំ ២០២៥ កន្លងទៅ តារាប្រុសរូបនេះ ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតសុខភាពថែមទៀតផង ដោយក្នុងនោះ គាត់ក៏បានចែករំលែកពីអាថ៌កំបាំងក្នុងការថែទាំសុខភាព ការជ្រើសរើសរបបអាហារ ការហាត់ប្រាណ និងការផ្លាស់ប្តូររបៀបនៃការរស់នៅជាដើម៕
