បើនិយាយពីក្រុមចម្រៀងរ៉េប និង ហ៊ីបហប់ដ៏ពេញនិយមនៅកម្ពុជា ច្បាស់ណាស់ថាអ្នកគាំទ្រ នឹងមិនមើលរំលងក្រុម La Cima Cartel នោះទេ។ ក្រុមនេះត្រូវបានបង្កើតឡើងមកនៅអំឡុងឆ្នាំ ២០២០ ដោយលោក ស៊ីវ រិទ្ធី ស្ថាបនិក Plus855 Music ជាមួយសិល្បករវ័យក្មេងដ៏មានទេពកោសល្យ ៧ រូបរួមមាន៖ All3rgy, YCN Rakhie, Meezy24k, Hasha, YCN Tomie, Mut Phearin និង YCN Dizzy។ ជាមួយនឹងដំណើរដ៏វែងឆ្ងាយនៅលើវិស័យតន្ត្រីរ៉េប និងហ៊ីបហប់ ក្រុមចម្រៀងខាងលើ បានឆក់យកបេះដូងអ្នកគាំទ្រយ៉ាងច្រើនលើសលប់នៅទូទាំងប្រទេស និងបានកំដរអារម្មណ៍អ្នកនិយមស្តាប់តន្ត្រី អស់រយៈពេលជាង ៦ ឆ្នាំផងដែរ តាមរយៈបទល្បីៗរបស់ពួកគេដូចជា កំរ, ធ្មេញមាស, បណ្តូលពេជ្រ និងមានបទចម្រៀងជាច្រើនទៀត។
យ៉ាងណាមិញកាលពីរសៀលថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២៦ កន្លងទៅ ក្រុមចម្រៀងមួយនេះបានធ្វើឱ្យ Falcons ដែលជាអ្នកគាំទ្រក្រុមចម្រៀងបុរសខាងលើ មានការភ្ញាក់ផ្អើលជាខ្លាំង ដោយក្នុងនោះ ស្ថាបនិក រួមទាំងសមាជិកទាំងអស់របស់ La Cima Cartel បានចេញមកបង្ហាញអារម្មណ៍ម្តងម្នាក់ ហាក់មានបំណងនៃការបំបែកក្រុមអ៊ីចឹងដែរ។
ដ្បិតថា ពួកគេបានធ្វើអ្នកគាំទ្រនៅទូទាំងប្រទេសមានការរំជួលចិត្តបន្តិចមែន ប៉ុន្តែពេលនេះ Falcons បានស្ងប់ចិត្តទៅវិញហើយ ដោយកាលពីល្ងាចថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២៦ ថ្មីៗនេះ La Cima Cartel បានប្រកាសជាផ្លូវការនៅលើបណ្តាញសង្គមថា ក្រុមចម្រៀងរបស់ខ្លួនមិនបានបំបែកនោះទេ ដែលជាក់ស្តែងគ្រាន់តែធ្វើការផ្លាស់ប្តូរឈ្មោះក្រុមពី La Cima Cartel ទៅជា La Cima វិញប៉ុណ្ណោះ។ ជុំវិញការប្តូរឈ្មោះនេះ នៅមិនទាន់ឃើញមានការបញ្ជាក់បន្ថែមពីផលិតកម្ម Plus855 Music នៅឡើយទេ៕
