រាប់ទុកថាជាដំណឹងដ៏ក្រៀមក្រំនៅក្នុងឧស្សាហកម្មភាពយន្តចិន ខណៈដែលប្រព័ន្ធផ្សព្វផ្សាយជាច្រើនបានរាយការណ៍ថា តារាសម្តែងដ៏ល្បីល្បាញនៅក្នុងរឿង «អ្នកលេងពូថៅហោះ ទិនហ្វី» លោក លឿង ស៊ាវឡុង (Leung Siu-lung) បានទទួលមរណភាពក្នុងវ័យ ៧៧ ឆ្នាំ។
លឿង ស៊ាវឡុង (Leung Siu-lung) បានចាប់ផ្តើមដើរនៅក្នុងវិស័យភាពយន្តជាតួជំនួស (Stuntman) និងក្រោយមកទៀត បានវិវត្តខ្លួនជាតារាសម្ដែងប្រភេទវាយតប់ ដ៏ពេញនិយមនៅទសវត្សរ៍ ៧០ និង ៨០។ ក្នុងនោះ តារាជើងចាស់រូបនេះ ត្រូវបានមហាជនទទួលស្គាល់យ៉ាងទូលំទូលាយតាមរយៈការសម្តែងជាតួអង្គ «ឈិន ចិន» នៅក្នុងរឿងវាយតប់ ដោយប្រើក្បាច់គុនយ៉ាង សាហាវ ដែលមានចំណងជើងថា The Legendary Fok (ដឹ លីជេនដឹរី ហ្វក់) រហូតត្រូវបានគេចាត់ទុកផងដែរថាជា «នាគទាំងបួនរបស់ហុងកុង» រួមជាមួយ លី ស៊ាវឡុង, ឈិនឡុង និង ទី លុង។ ទោះជាយ៉ាងនេះក្តី លឿង ស៊ាវឡុង (Leung Siu-lung) ហាក់បាត់បង់ឱកាសជាច្រើននៅក្នុងវិស័យមួយនេះ ក៏ដោយសារតែលោកមានក្បាលទំពែកទាំងវ័យក្មេង។
ដ្បិតថា បានបាត់មុខពីវិស័យភាពយន្តអស់មួយរយៈធំក្តី ប៉ុន្តែតារាជើងចាស់ខាងលើ ស្រាប់តែលេចមុខសារជាថ្មីម្តងទៀតនៅឆ្នាំ ២០០៤ តាមរយៈការជំរុញពី Stephen Chow (ទិនហ្វី) ឱ្យដើរតួជា The Beast (ដឹ ប៊ីស) ដែលជាតួអង្គល្បីឈ្មោះក្នុងក្រុមសង្គមងងឹតមានចិត្តឃោរឃៅ នៅក្នុងរឿង «អ្នកលេងពូថៅហោះ ទិនហ្វី»។
តាមរយៈការសម្តែងក្នុងតួអង្គខាងលើ បានធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់ លឿង ស៊ាវឡុង (Leung Siu-lung) ត្រូវបានគេរំលឹកឡើងវិញ បន្ទាប់ពីត្រូវបានកប់ចោលអស់រយៈពេលជាច្រើនឆ្នាំកន្លងមក។
ដោយឡែក ការទទួលមរណភាពរបស់ លឿង ស៊ាវឡុង (Leung Siu-lung) ត្រូវបានសារព័ត៌មានអន្តរជាតិរាយការណ៍ថា លោកបានស្លាប់នៅថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២៦ ខណៈពេលដែលមិត្តរួមអាជីពសិល្បៈជាច្រើន រួមមាន ឈិនឡុង និង ទិនហ្វី ជាដើម បានចូលរួមរំលែកទុក្ខនៃការចាកចេញរបស់តារាប្រុសរូបនេះទាំងក្តីអាល័យ៕
