ថ្មីៗនេះ អ្នកលេងបណ្តាញសង្គមក្នុងប្រទេសថៃ បាននាំគ្នារិះគន់យ៉ាងសម្បើមទៅលើរូបភាពផ្សព្វផ្សាយតំបន់ទេសចរណ៍របស់ Lisa សមាជិកក្រុម BLACKPINK ក្នុងនាមជាទូតសុឆន្ទៈទេសចរណ៍របស់ Amazing Thailand។ រូបភាពដែលពួកគេបាននាំគ្នាធ្វើការរិះគន់នេះ គឺជារូបភាពដែល Liza កំពុងជិះទូកក្នុងបឹងព្រលិតមួយកន្លែង ដែលគេហៅថា «Red Lotus Lake» ជាតំបន់ទេសចរណ៍ធម្មជាតិប្រចាំខេត្តឧដនថានី ថាជារូបភាពដែលបង្កើតឡើងមក ដោយប្រើបច្ចេកវិទ្យា AI។
ពួកគេទាំងនោះក៏បានរិះគន់ទៅកាន់អាជ្ញាធរទេសចរណ៍ថៃ (TAT) ផងដែរ ថាបានធ្វើការខ្ជិះខ្ជាទៅលើរឿងទាំងនេះ និងមានក្រុមការងារដែលគ្មានវិជ្ជាជីវៈ ស្របពេលដែលរូបភាពផ្សព្វផ្សាយខាងលើ បានធ្វើឱ្យ Lisa មើលទៅគ្មានរសនិយម មិនធម្មជាតិ និងមុខមិនរាក់ទាក់ជាដើម ខណៈពេលដែលប្រទេសរបស់ខ្លួនត្រូវបានគេប្រសិទ្ធនាមថា ជាប្រទេស The Land of Smile។ ពួកគេបន្តការរិះគន់ទៅលើអាជ្ញាធរទេសចរណ៍ថៃទៀតថា ទង្វើទាំងនេះ គឺជាការបន្ទាបបន្ថោកតម្លៃរបស់ Lisa ដែលជាតារាលំដាប់ថ្នាក់ពិភពលោក ពីតារាដែលមានតម្លៃខ្លួនខ្ទង់លានដុល្លារ មកត្រឹមតម្លៃខ្លួនខ្ទង់រយដុល្លារទៅវិញ។
គួររំលឹកដែរថា ប្រជាជនថៃ ធ្លាប់ធ្វើការរិះគន់ម្តងរួចមកហើយ ទៅលើរូបភាពផ្សព្វផ្សាយ Sea Games លើកទី ៣៣ នៅក្នុងប្រទេសថៃ ដែលធ្វើចេញពី AI ដោយប្រើកញ្ចប់ថវិកាសម្រាប់ការផ្សព្វផ្សាយរូបភាពទាំងនេះ រហូតដល់ទៅ ៨ លានបាត ប្រមាណជា ២៥ ម៉ឺនដុល្លារឯណោះ៕
