ភ្នំពេញ៖ 

បុរសម្នាក់ បានបើករថយន្ដ Mazda EZ-60 មួយគ្រឿង បោះពួយយ៉ាងលឿន ក៏រ៉េចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លឋុវបាក់មួយកង់ ចំណែករថយន្តបង្ក ក្រឡាប់ផ្ងារជើង រងការខូចខាតយ៉ាងដំណំ។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ បានកើតឡើងកាលពីវេលាម៉ោង២:៥០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី០៥ ខែមិរា ឆ្នាំ២០២៦ ស្ថិតនៅលើផ្លូវជាតិលេខ៥៩៨ សង្កាត់ ច្រាំង ជំរេះ ទី១ ខណ្ឌ ឬស្សីកែវ រាជធានី ភ្នំពេញ ។ 

បើតាមការបញ្ជាក់ពីកន្លែងកើតហេតុ បានឲ្យដឹងថានៅមុនពេលកើតហេតុ គេឃើញរថយន្តម៉ាក Mazda ពណ៌ស មួយគ្រឿងពាក់ ផ្លាកលេខភ្នំពេញ 2CJ-6862 បើកបរដោយ បុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៥៩៨ ក្នុងល្បឿនលឿន។លុះពេលបើកមកដល់ចំណុចកើតហេតុខាងលើ ក៏បានរ៉េចង្កូតជ្រុលទៅបុកនិងរបាំងថ្ម ពុះចែកទ្រូងផ្លូវបាក់ចំនួនមួយកង់ ចំណែកឯរថយន្តបង្កវិញ ត្រូវបានក្រឡាប់ផ្ងារជើង រងការខូចខាតយ៉ាងធ្ងន់ធ្ងរ សំណាងល្អ មិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្ស ហើយភ្លាមនោះ ម្ចាស់រថយន្ត បានគេចពីកន្លែងកើតហេតុបាត់ស្រមោល។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះមកដល់រួចទាក់ទងទៅមន្ត្រីជំនាញចរាចរណ៍ចុះមកវាស់វែងស្ទូចយករថយន្តបង្កខាងលើទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំការដោះស្រាយនៅពេលក្រោយ៕