ថ្មីៗនេះ អ្នកលេងបណ្តាញសង្គម បាននាំគ្នាចែករំលែកជាហូរហែនូវរូបភាពរបស់ បវរកញ្ញា និងតារាម៉ូដែល ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Melia ខណៈពេលដែលតារាស្រីទាំងពីរដួងនេះ បង្ហាញខ្លួនក្នុងឈុតសំលៀកបំពាក់ខ្មែរ ផ្តិតយករូបភាពស្អាតៗជាច្រើនសន្លឹក នៅប្រាសាទអង្គរវត្ត ក្នុងក្រុងសៀមរាប។ រូបភាពទាំងនេះ កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់សាធារណជននៅទូទាំងប្រទេស ដោយក្នុងនោះពួកគេថែមទាំងបាននាំគ្នាកោតសរសើរ ពីរូបសម្រស់ដ៏ស្រស់ស្អាតរបស់តារាស្រីខាងលើផងដែរ។
យ៉ាងណាមិញ បើយោងតាមការសន្និដ្ឋានរបស់អ្នកគាំទ្របានឱ្យដឹងថា ពួកគេហាក់មានបំណងថតផ្សព្វផ្សាយពីតំបន់ទេសចរណ៍ក្នុងស្រុក ជាពិសេសប្រាសាទអង្គរវត្តផ្ទាល់តែម្តង ដែលជារមណីដ្ឋានដ៏ល្បីល្បាញនៅទូទាំងពិភពលោក ស្របពេលដែលកំណើនភ្ញៀវទេសចរណ៍ កំពុងមានការកើនឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សំគាល់។ ក្រៅពីការថតផ្សព្វផ្សាយនៅក្នុងតំបន់អង្គរហើយនោះ ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Melia ក៏បានស្លៀកសំលៀកបំពាក់ប្រពៃណីឥណ្ឌា ថតផ្សព្វផ្សាយនៅក្នុងផ្លូវថ្មើរជើង Pup Street ផងដែរ ដែលនេះជាការបង្ហាញឱ្យឃើញពីការស្វាគមន៍យ៉ាងកក់ក្តៅដល់ភ្ញៀវទេសចរណ៍ឥណ្ឌា ដែលកំពុងសម្រុកមកកម្សាន្តនៅក្នុងព្រះរាជាណាចក្រកម្ពុជានាពេលថ្មីៗនេះ។
គួរឱ្យដឹងដែរថា បវរកញ្ញា និងតារាម៉ូដែល ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Melia ជារឿយៗ ពួកគេតែងតែខ្នះខ្នែងក្នុងការផ្សព្វផ្សាយពីតំបន់ទេសចរណ៍នៅក្នុងប្រទេស ហើយពួកគេត្រូវបានមហាជនជាច្រើន ចាត់ទុកជាតារាគំរូប្រចាំព្រះរាជាណាចក្រកម្ពុជាថែមទៀតផង៕
