ក្រោយទទួលបានតំណែងជាបវរកញ្ញាអន្តរទ្វីបកម្ពុជាឆ្នាំ២០២៥ កញ្ញា ហុក សារិតុលា បាននិងកំពុងពង្រឹងសមត្ថភាពយ៉ាងខ្លាំង មុនចាកចាញពីមាតុភូមិទៅប្រកួតនៅលើឆាកអន្តរជាតិនៅ         ឯប្រទេសអេហ្ស៊ីប ក្នុងកម្មវិធី Miss Intercontinental ឆាប់ៗខាងមុខនេះ។ ជាក់ស្តែងការ     ចាកចេញទៅប្រកួតនៅលើវេទិកាអន្តរជាតិនេះ រាប់ទុកថាជាលើកដំបូងរបស់ តុលា ផងដែរ បន្ទាប់ពីធ្វើការប្រកួតនៅក្នុងស្រុកជាបន្តជាបន្ទាប់នាពេលកន្លងមក។ ក្នុងនោះ មហាជនអ្នកគាំទ្រ         ជាពិសេសអ្នកដែលស្ថិតនៅក្នុងរង្វង់បវរកញ្ញានេះផ្ទាល់តែម្តង បានដាក់ក្តីរំពឹងយ៉ាងមុតមាំ ទៅលើបវរកញ្ញារូបនេះថា នឹងទទួលបានតំណែងកំពូលណាមួយជូនប្រទេសជាតិជាក់ជាពុំខាន              ក៏ដោយសារតែ តុលា គឺជាបវរកញ្ញាដ៏មានសក្កានុពលមួយរូបនៅក្នុងវិស័យប្រកួតសម្រស់        ទាំងមានរូបសម្បត្តិដ៏ស័ក្តិសមជាបវរកញ្ញា និងចំណេះដឹង បូកផ្សំនឹងការប្រើប្រាស់ភាសាបរទេសបានយ៉ាងស្ទាត់ជំនាញថែមទៀតផង។ បន្ថែមពីលើចំណុចទាំងនេះ តុលា ក៏បានចូលរួមសកម្មភាពសង្គមយ៉ាងសកម្មផងដែរ ដោយមុននេះគេសង្កេតឃើញថា នាងបានចូលរួមកម្មវិធីរៃអង្គាសថវិកាសប្បុរសធម៌ ស្បៀង និងសម្ភារៈប្រើប្រាស់ផ្សេងៗ ដើម្បីចែកជូនដល់បងប្អូនជនភៀសសឹក        និងវីរកងទ័ពជួរមុខ អំឡុងពេលជម្លោះព្រំដែន កម្ពុជា-ថៃ នាពេលកន្លងទៅ។ 

ដោយមើលឃើញពីចំណុចល្អៗទាំងនេះ តុលា កំពុងទទួលបានមានប្រជាប្រិយភាពពីមហាជន   ជាហូរហែ ទាំងនៅក្នុងស្រុក និងក្រៅស្រុក ដោយបវរកញ្ញារូបនេះត្រូវបាន Page អន្តរជាតិធំៗ បានចាត់ចំណាត់ថ្នាក់ឱ្យស្ថិតនៅក្នុងតំណែងកំពូលផងដែរ។ ទន្ទឹមនឹងមានការគាំទ្រនេះ ហុក សារិតុលា ក៏បានឱ្យដឹងដែរថា នាងបានត្រៀមខ្លួនរួចជាស្រេចជាមួយនឹងការតំណាងឱ្យកម្ពុជាទៅប្រកួតលើឆាកអន្តរជាតិ ជាមួយឆន្ទៈ ក្តីសង្ឃឹម និងការតាំងចិត្ត។ តុលា បញ្ជាក់បន្ថែមថា នាងនឹងយកក្ដីសង្ឃឹមរបស់ប្រជាជនកម្ពុជានៅទូទាំងប្រទេសទៅជាមួយនាង ព្រមជាមួយការប្ដេជ្ញាចិត្ត ថានឹងធ្វើឲ្យបានល្អនៅលើឆាកប្រកួតមួយនោះថែមទៀតផង។

សូមបញ្ជាក់ថា ហុក សារិតុលា ធ្លាប់ដើរនៅលើវិថីនៃការប្រកួតសម្រស់នៅក្នុងស្រុកច្រើនគួរសម ក្នុងនោះរួមមាន ឆ្នាំ២០២១ នាងគ្រងតំណែងជាម្ចាស់មកុដ Miss Wisdom Cambodia, ឆ្នាំ២០២៥ នាងទទួលបានតំណែងជាលំដាប់រងទី២ ពីកម្មវិធី Miss Supranational Cambodia និងនៅឆ្នាំ២០២៥ដដែល នាងត្រូវបានអ្នកគ្រប់គ្រងការប្រកួតថ្នាក់ជាតិតែងតាំងជា បវរកញ្ញា   អន្តរទ្វីបកម្ពុជា ដែលនឹងត្រូវទៅចូលរួមប្រកួតនៅក្នុងកម្មវិធី Miss Intercontinental លើកទី ៥៣ នៅឯប្រទេសអេហ្ស៊ីប ដោយកម្មវិធីនឹងចាប់ផ្តើមធ្វើការប្រកួតពីថ្ងៃទី ១៤ ដល់ ថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២៦៕