ថ្មីៗនេះ មហាជនអ្នកគាំទ្រ មានការភ្ញាក់ផ្អើលជាខ្លាំងក្រោយ កក្កដា សុភ័ណ្ឌ បានប្រកាសខ្លួនជាបេក្ខនារីត្រៀមខ្លួនតំណាងឱ្យព្រះរាជាណាចក្រកម្ពុជាសារជាថ្មីម្តងទៀត នៅក្នុងកម្មវិធីប្រកួតសម្រស់លក្ខណៈអន្តរជាតិ ដែលមានឈ្មោះថា Miss Mardi Gras International ដែលនឹងធ្វើឡើងនៅប្រទេសអូស្ត្រាលី ក្នុងឆ្នាំ ២០២៦ ខាងមុខនេះ។ ការចាកចេញទៅប្រកួតនៅលើឆាកអន្តរជាតិលើកនេះ គឺជាលើកទី ២ ផងដែរ សម្រាប់ កក្កដា សុភ័ណ្ឌ ដោយមុននេះ នៅចុងឆ្នាំ ២០២៥ នាងធ្លាប់បានតំណាងឱ្យព្រះរាជាណាចក្រកម្ពុជាម្តងរួចមកហើយ នៅក្នុងកម្មវិធី Miss Trans Star International នៅប្រទេសព័រតូរីកូ។
ការតំណាងប្រទេសនាពេលនោះ ដ្បិតថាបវរកញ្ញារូបនេះ មិនទទួលបានលទ្ធផលជាដុំកំភួនក៏ពិតមែន ប៉ុន្តែនាងបានខិតខំប្រឹងប្រែងព្យាយាមបញ្ចេញសមត្ថភាពបានយ៉ាងល្អឥតខ្ចោះ ទៅលើគ្រប់វិញ្ញាសានៃការប្រកួត រហូតទាក់ចិត្តគណៈកម្មការប្រគល់ពានរង្វាន់មួយដល់នាង នោះគឺពាន Miss Congeniality បវរកញ្ញាភេទទី ៣ ដែលមានភាពរួសរាយរាក់ទាក់ជាងគេ។
ដោយឡែក បើយោងតាមការរៀបរាប់នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ បវរកញ្ញាភេទទី ៣ កក្កដា សុភ័ណ្ឌ ជុំវិញការចេញទៅប្រកួតលើឆាកអន្តរជាតិឆាប់ៗខាងមុខនេះ បានឱ្យដឹងបន្ថែមថា កម្មវិធីប្រកួតសម្រស់លំដាប់អន្តរជាតិ Miss Mardi Gras International នឹងប្រព្រឹត្តទៅនៅប្រទេសអូស្ត្រាលី នៅថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ ២០២៦។ ក្នុងនោះផងដែរនាង ក៏បានត្រៀមខ្លួនរួចរាល់សម្រាប់ការប្រកួតមួយនេះ ប៉ុន្តែអ្វីដែលនាងកំពុងរង់ចាំនាពេលនេះ គឺការធ្លាក់ទិដ្ឋាការសម្រាប់ការចាកចេញទៅប្រកួតនៅប្រទេសអូស្ត្រាលីតែប៉ុណ្ណោះ។
សូមរំលឹកដែរថា កក្កដា សុភ័ណ្ឌ គឺជាបវរកញ្ញាមួយរូបដែលមានការពុះពារខ្លាំងនៅក្នុងវិស័យប្រកួតសម្រស់ ដែលជាក់ស្តែងកាលពីឆ្នាំ ២០២៣ នាងធ្លាប់បានចូលរួមប្រកួតនៅក្នុងកម្មវិធីបវរកញ្ញាភេទទី៣ ក្នុងស្រុកមួយ គឺ Miss International Queen Cambodia។ បើទោះបីជានាងមិនទទួលបានតំណែងលេខ ១ ក្តី ប៉ុន្តែនាងអាចដណ្តើមបានពានរង្វាន់រហូតដល់ទៅ២ ឯណោះ រួមមាន ពាន Social Media Star និង ពាន Miss Gangwhoo Beauty៕
