អ្នកគាំទ្រវិស័យប្រកួតសម្រស់ បាននិងកំពុងរង់ចាំយ៉ាងអន្ទះសា នូវការមកដល់នៃរដូវកាល ការប្រកួតបវរកញ្ញាលំដាប់អន្តរជាតិ Miss Planet International សម្រាប់ឆ្នាំ ២០២៥ - ២០២៦។
វេទិកាប្រកួតសម្រស់លក្ខណៈអន្តរជាតិនេះ គឺជាកម្មវិធីដែលបង្កើត និងផ្តួចផ្តើមឡើងមកដោយ កូនខ្មែរសុទ្ធសាធ គឺអ្នកស្រី Halley Amin ដោយនៅក្នុងការប្រកួតនេះ គឺជាលើកទី ៥ ហើយ បើរាប់ចាប់តាំងពីការប្រកួតនៅឆ្នាំ ២០១៩។ គេក៏សង្កេតឃើញផងដែរថា តាមរយៈការរៀបចំការប្រកួតនាពេលកន្លងមក កម្មវិធី Miss Planet International ក៏ទទួលបានការគាំទ្រជាហូរហែរ ពីមហាជន និងអ្នកស្នេហាវិស័យនេះផ្ទាល់តែម្តង។
ដោយឡែកសម្រាប់ការប្រកួតលើកទី ៥ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួត Miss Planet International នឹងមានការប្រកួតវគ្គផ្តាច់ព្រ័ត្រ នៅថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២៦ ខាងមុខនេះ។ ជាមួយគ្នានេះផងដែរ បវរកញ្ញាដែលមកពីបណ្តាប្រទេសនានានឹងធ្វើដំណើរមកដល់ព្រលានយន្តហោះអន្តរជាតិតេជោរបស់កម្ពុជា នៅចន្លោះថ្ងៃទី ៥ និង ទី ៦ ខែមីនា ឆ្នាំ ២០២៦។
សូមបញ្ជាក់បន្ថែមថា បវរកញ្ញាដែលនឹងតំណាងឱ្យព្រះរាជាណាចក្រកម្ពុជា នៅក្នុងវេទិកាប្រកួតសម្រស់ Miss Planet International លើកទី ៥ នេះ គឺជាស្រីស្អាតកូនកាត់ខ្មែរអាមេរិក កញ្ញា ស៊ីដនី ម៉ារិទ្ធ៕
