អ្នកគាំទ្រវិស័យប្រកួតសម្រស់ បាននិងកំពុងមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីបវរកញ្ញា           ខន សូរិយា បានប្រកាសលាលែងតំណែងជា Miss World Cambodia 2026 នៅលើបណ្តាញសង្គមកាលពីថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២៦ ក្រោយគ្រងមកុដជាផ្លូវការបានរយៈពេលជិត ៤ ខែកន្លងមក។ 

ស្របពេលទទួលបានដំណឹងដ៏ភ្ញាក់ផ្អើលនេះ បវរកញ្ញាខាងលើ បានឱ្យដឹងថា វាជាការសម្រេចចិត្តដ៏លំបាកមួយក្នុងការដកខ្លួនចេញពីតំណែងមួយនេះ ក៏ដោយសារតែកន្លងមក បន្ទាប់ពីតែងតាំងជាបវរកញ្ញាតំណាងប្រទេស នាងតែងតែទទួលបានទាំងមតិសាទរ និង មតិរិះគន់ ជាច្រើនពីមហាជន ប៉ុន្តែជាមួយគ្នានេះ នាងក៏បានយកមតិរិះគន់ទាំងនោះ ដើម្បីពង្រឹងបន្ថែមលើសមត្ថភាពរបស់ខ្លួនជាបន្តបន្ទាប់ ពីក្មេងស្រីដែលខ្វះខាតនៅក្នុងវិស័យប្រកួតសម្រស់ រហូតទៅជាក្មេងស្រីដែលបានស្គាល់យ៉ាងច្បាស់ពីវិស័យមួយនេះ។ សូរិយា ក៏បានបញ្ជាក់ផងដែរថា កន្លងមកនាងបានពុះពារសម្រាប់   វិស័យបវរកញ្ញាតែម្នាក់ឯងសុទ្ធសាធ ទាំងពេលវេលា ថវិកា កម្លាំងកាយ និងកម្លាំងចិត្ត ដើម្បីសម្រេចគោលដៅត្រៀមទៅតំណាងឱ្យប្រទេសកម្ពុជាលើឆាកអន្តរជាតិ ប៉ុន្តែការខិតខំដោយមិនគិតពីការហត់នឿយទាំងនេះ នៅតែមិនអាចជំនះឧបសគ្គ រហូតកើតមានរឿងដ៏មិននឹកស្មាននៅពីក្រោយវាំងននបវរកញ្ញាខានតែបាន។

ដ្បិតថា បោះបង់ក្តីស្រមៃជាបវរកញ្ញាក្តី ប៉ុន្តែ ខន សូរិយា បានរៀបរាប់ថា គុណតម្លៃរបស់ស្ត្រីមិនបានស្ថិតនៅលើមកុដនោះទេ វាស្ថិតនៅលើបេះដូង និងការផ្តល់ឱ្យជាប្រយោជន៍ដល់សង្គមជាតិ។ ក្នុងនោះនាងថែមទាំងបានដាក់ខសន្យាជាមួយអ្នកគាំទ្ររបស់ខ្លួនថា នឹងបន្តធ្វើរឿងល្អៗទៅកាន់សង្គមទាំងមូល តាមរយៈការចែករំលែកក្តីស្រឡាញ់ ចំណេះដឹង និងពន្លឺដល់អ្នកដែលត្រូវការកម្លាំងចិត្តជាដើម៕