កំពង់ស្ពឺ៖
រថយន្តប៉ាជេរ៉ូ(PAJERO) មួយគ្រឿងត្រូវបានអគ្គីភ័យលេបត្របាក់អស់ គ្មានសល់ ខណៈដែលកំពុងតែបើកបរលើផ្លូវល្បឿនលឿនហើយឆ្លងចរន្តភ្លើងឆាបឆេះ បង្កឱ្យមានការភ្ញាក់ផ្អើលតែម្តង។
ហេតុការណ៍ឆេះរថយន្តនេះ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ ២០២៦ នៅលើផ្លូវល្បឿនលឿន គីឡូម៉ែត្រលេខ៧៨(+៣០០) ទិសដៅភ្នំពេញ -ព្រះសីហនុ ចំណុចភូមិទី៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
លោកវរសេនីយ៍ទោ ជុន ចន្ទដេត អធិការនគរបាលស្រុកភ្នំស្រួច បានឱ្យដឹងថានៅមុន ពេលកើតហេតុ មានរថយន្ដ១គ្រឿង ម៉ាក MITSUBISHI PAJERO ពណ៌ទឹកប្រាក់លាយ បៃតង ពាក់ផ្លាកលេខភ្នំពេញ2AN-7514 បើកបរដោយឈ្មោះ វង្ស វុត្ថា ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល និងអ្នករួម ដំណើរ៣នាក់ស្រី បានបើកបរលើផ្លូវល្បឿនលឿនពីខេត្តព្រះសីហនុ ឆ្ពោះទៅរាជធានី ភ្នំពេញ ។
លុះពេលធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ រថយន្ត បានឆ្លងចរន្ដអគ្គីសនី បណ្ដាលឲ្យក្លាយទៅជាអណ្តាតភ្លើងឆាបឆេះរថយន្តអស់ទាំងស្រុង ចំណែកអ្នកបើកបរនិង អ្នករួមដំណើរក្នុងរថយន្ដមិនមានរងរបួសនោះទេ។
លោកវរសេនីយ៍ទោ ជុន ចន្ទដេត អធិការនគរបាលស្រុកភ្នំស្រួច បញ្ជាក់ថាករណីខាងលើ រថយន្ដពន្លត់អគ្គីភ័យរបស់ក្រុមហ៊ុនប្រចាំការលើផ្លូវល្បឿនលឿន បានចេញអន្ដរាគមពន្លត់បានទាន់ពេលវេលា តែអគ្គិភ័យឆាបឆេះលឿនពេក បណ្ដាលឱ្យរថយន្ដប៉ាជេរ៉ូ ឆេះអស់ រងការខូចខាត ស្ទើរតែមួយរយភាគរយទៅហើយ។
បច្ចុប្បន្ន តំណាងក្រុមហ៊ុនផ្លូវល្បឿនលឿនកំពុងតែស្ទួចយករថយន្ដខាងលើទៅដាក់នៅ ទីតាំងបញ្ឍរសុវត្ថិភាព និងរង់ចាំធ្វើការដោះស្រាយជាមួយភាគីម្ចាស់រថយន្ដ នៅពេល ក្រោយ ៕
