ភ្នំពេញ៖ 

រថយន្តស៊េរីទំនើបម៉ាក Rolls Royce មួយគ្រឿងបើកបរដោយជនជាតិចិន ក្នុងល្បឿនលឿនស្រាប់តែទេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹងបណ្ដាលឱ្យបាក់ចំនួន២កង់ ចំណែករថយន្តរងការខូចខាតមួយកំណាត់មុខយ៉ាងដំណំ។

គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១០:១០ នាទីយប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ ស្ថិតតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី(មុខក្រសួង ការពារជាតិ) សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ 

បើយោងតាមការបញ្ជាក់ពីកន្លែងកើតហេតុ បានឲ្យដឹងថានៅមុនពេលកើតហេតុ គេឃើញរថយន្តស៊េរីទំនើបម៉ាក Rolls Royce មួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 2CB-2728 បើកបរដោយបុរសជនជាតិចិនម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន។

លុះពេលបើកមកដល់ចំណុចកើតហេតុ ស្រាប់តែរ៉េចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវចំពាក់កណ្ដាលពេញទំហឹង បណ្ដាលឲ្យបាក់ចំនួន២កង់។ ចំណែករថយន្តបង្ក ខូចខាតមួយកំណាត់មុខយ៉ាងដំណាំ សំណាងល្អ មិនបង្កឲ្យគ្រោះថ្នាក់ដល់មនុស្ស ហើយភ្លាមនោះដែរ អ្នកបើករថយន្តក៏បានគេចចេញពីកន្លែងកើតហេតុបាត់ស្រមោល។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយមន្ត្រីជំនាញចរាចរណ៍ ចុះមកធ្វើការវាស់វែងស្ទូចយករថយន្តបង្កខាងលើ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំការដោះស្រាយក្នុងពេលក្រោយ៕