ភ្នំពេញ៖ 

បុរសម្នាក់ បានបើករថយន្តធុនធំដឹកស្រូវមួយគ្រឿងឆ្លងស្តុបផ្លូវបំបែកជាបួនក្នុង ល្បឿនលឿនមិនប្រយ័ត្នក៏ជ្រុលទៅបុករថយន្តម៉ាក Toyota Prius បើកឆ្លងផ្លូវដូចគ្នា ចំពាក់កណ្តាលចំហៀងខាងស្តាំ ប៉ើងទៅផ្ទប់ចូលផ្ទះពលរដ្ឋ បណ្តាលឲ្យតៃកុងរថយន្ត Toyota Prius រងរបួសធ្ងន់បញ្ជូនទៅមន្ទីពេទ្យ។

គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ បានកើតឡើងកាលពីវេលាម៉ោង១១:៣០នាទីយប់ថ្ងៃទី១៣ខែមករា ឆ្នាំ២០២៦ ចំណុចស្តុប៩២ ស្ថិតនៅលើផ្លូវភ្នំពេញហាណូយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថានៅមុនពេលកើតហេតុ គេឃើញរថយន្តម៉ាកToyota Prius ពណ៌ស មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2BY-8623 បើកបរដោយបុរសម្នាក់ ធ្វើ ដំណើរតាមបណ្ដោយផ្លូវលេខ៩២ ទិសដៅពីកើតទៅលិចឆ្លងស្តុបផ្លូវបំបែកជាបួន ។

ខណៈពេលឆ្លងដល់ពាក់កណ្ដាលផ្លូវ ស្រាប់តែគេឃើញមានរថយន្តធន់ធំដឹកស្រូវមួយគ្រឿងទៀតម៉ាក DAE WOO ក្បាលពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ព្រៃវែង 4A-0105 បើកបរ ដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវភ្នំពេញហាណូយទិសដៅពីជើងទៅត្បូងបើកឆ្លងស្តុបដូចគ្នាក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលទៅបុកចំពាក់កណ្ដាលជំហៀងខាងស្ដាំនៃរថយន្តម៉ាក Toyota Prius យ៉ាងពេញទំហឹងប៉ើងទៅផ្ទប់ជញ្ជាំងផ្ទះពលរដ្ឋ រងការខូចខាត រួចបន្ត ទៅបុកចូលផ្ទះលក់ចាប់ហួយ មួយកន្លែងទៀតបណ្តាលឲ្យរងការខូចខាតសម្ភារៈមួយចំនួនធំ។

ចំណែកឯតៃកុងរថយន្ត Toyota Prius វិញកៀបជាប់រងរបួសធ្ងន់ ត្រូវបានពលរដ្ឋក្បែរខាងនាំគ្នាជួយគាស់ចេញ រួចបញ្ជូនទៅសង្គ្រោះបន្ទាន់នៅឯមន្ទីពេទ្យរដ្ឋមួយកន្លែងភ្លាមៗ ហើយភ្លាមនោះដែរ អ្នកបើកបរ រថយន្តធំៗដឹកស្រូវ ក៏បានបើកទ្វារ រត់គេចចេញពីកន្លែងកើតហេតុបាត់ស្រមោលតែម្តង។

បន្ទាប់ពីកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ចុះ មកធ្វើការវាស់វែងស្ទូចយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំឲ្យភាគីសង្ខាងធ្វើការដោះ ស្រាយគ្នានៅពេលក្រោយ៕