«វ៉ូត» (Wood) បទចម្រៀងនៅក្នុងអាល់ប៊ុម «ដឹ ឡាយហ្វ អហ្វ អឹ សូហ្គឺល» (The Life of a Showgirl) របស់ «ថេល័រ ស្វីហ្វ» (Taylor Swift) គឺជាបទដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ ដោយទំនុកច្រៀងនៅក្នុងបទនេះ បានបង្កប់ទៅដោយអត្ថន័យ ហើយក្នុងនោះក៏មានលាយលំនូវការលេងសើច និងភាព រ៉ូមែនទិកនៃទំនាក់ទំនងស្នេហា រវាងនាងនិង «ថ្រាវីស ខែល» (Travis Kelce) ដែលជាគូដណ្តឹងផងដែរ ខណៈពេលដែលបទនេះបានក្លាយជាបទដែលមានការស្វែងរកច្រើនបំផុតនៅលើ «ជីនៀស» (Genius) ក្នុងឆ្នាំ 2025។
យោងតាមការចាត់ចំណាត់ថ្នាក់នៅលើគេហទំព័រ «ជីនៀស» (Genius) បានឱ្យដឹងថា បទនេះបានជាប់នៅលេខរៀងទី៤ ជាបទដែលមានអ្នកចូលអាន Lyric ច្រើនបំផុត រហូតដល់ទៅ ៤.៥ លានដងនៅលើគេហទំព័រមួយនេះ ស្របពេលដែលបទ «ដឹ ហ្វេត អហ្វ អូហ្វីលីយ៉ា» (The Fate of Ophelia) របស់ «ថេល័រ ស្វីហ្វ» (Taylor Swift) ស្ថិតនៅលេខរៀងទី៦ ជាបទចម្រៀងដែលមានអ្នកចូលអាន Lyric ចំនួន ៣.៥ លានដង។
គេហទំព័រ «ជីនៀស» (Genius) ក៏បានបង្ហើបឱ្យដឹងដែរថា នៅថ្ងៃចេញអាល់ប៊ុម «ដឹ ឡាយហ្វ អហ្វ អឹ សូហ្គឺល» (The Life of a Showgirl) គឺជាថ្ងៃដែលមានចំនួនអ្នកចូលទៅក្នុងគេហទំព័រនេះច្រើនជាងគេបំផុតផងដែរ ពោលគឺមានអ្នកចូលមើលរហូតដល់ទៅ ២៩ លានដងឯណោះ។
សូមបញ្ជាក់ថា តារាចម្រៀង «ថេល័រ ស្វីហ្វ» (Taylor Swift) បានបញ្ចេញអាល់ប៊ុម «ដឹ ឡាយហ្វ អហ្វ អឹ សូហ្គឺល» (The Life of a Showgirl) ដែលជាអាល់ប៊ុមថ្មីចុងក្រោយបំផុត នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ ក្នុងនោះមានបទចម្រៀងល្បីៗរបស់នាងចំនួន១២ បទផងដែរ៕
