ភ្នំពេញ៖
បុរសម្នាក់ បានបើករថយន្តកូរ៉េបូមលូមួយគ្រឿងក្នុងល្បឿនលឿន ខណៈអកហ្សឺនិងរថយន្តម៉ាក WULING ឈប់នៅពីមុខដែលសមត្ថកិច្ច ឃាត់ត្រួតពិនិត្យអាវុធជាតិផ្ទុះក៏បួងចង្កូតគេច តែមិនផុតជ្រុលទៅបុកពីក្រោយពេញទំហឹង ក្រឡាប់សង្កត់ទៅប៉ះរថយន្ត២គ្រឿងនិងម៉ូតូ១គ្រឿងបន្ថែមទៀត ធ្វើឲ្យស្ត្រីម្នាក់ជាម្ចាស់ម៉ូតូ រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៩:៤០នាទីយប់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ ស្ថិតតាមបណ្ដោយផ្លូវ ៦០ម៉ែត្រ ក្នុងសង្កាត់
ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ បើតាមការបញ្ជាក់ពីកន្លែងកើតហេតុ បានឲ្យដឹងថានៅមុនពេលកើតហេតុ គេ ឃើញរថយន្តម៉ាក WULING ពណ៌ស មួយគ្រឿងពាក់ ផ្លាក លេខ ភ្នំពេញ 2CA-4970 បើកបរដោយបុរសជនជាតិចិនម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវ៦០ម៉ែត្រទិសដៅពីត្បូងទៅជើង ។
លុះពេលបើកមកដល់ត្រង់ចំណុចកើតហេតុខាងលើ ដោយមានកម្លាំងសមត្ថកិច្ចចម្រុះបានដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ ក៏ម្ចាស់រថយន្តម៉ាកWULING បានបង្អង់ល្បឿនឈប់។ ភ្លាមនោះដែរ ស្រាប់តែគេឃើញមានរថយន្តកូរ៉េបូមលូមួមគ្រឿងពណ៌ខៀវ ពាក់ ផ្លាកលេខ ភ្នំពេញ 3B-8475 បើកបរដោយបុរសម្នាក់រួមដំណើរជាមួយបុរស២នាក់ទៀតជាព្រូ ធ្វើដំណើរមកពីក្រោយស្របទិសគ្នាពីត្បូងទៅជើងក្នុងល្បឿនលឿន ក៏អកហ្សឺបួងចង្កូតគេចតែមិនផុតជ្រុលទៅបុកពីក្រោយរថយន្តម៉ាកWULING យ៉ាងពេញទំហឹងបណ្តាលឲ្យប៉ើងទៅមុខជាច្រើនម៉ែត្រ។
ចំណែកឯរថយន្តកូរ៉េបូមលូវិញ ក្រឡាប់អូសសង្កត់ទៅប៉ះរថយន្តសមត្ថកិច្ចដែលឈប់នៅលើចិញ្ចើមផ្លូវចំនួន២គ្រឿងបន្ថែម រួចទៅប៉ះម៉ូតូ១គ្រឿងទៀតរងការខូចខាត និង បណ្តាលឲ្យស្រ្តីម្នាក់រងរបួសធ្ងន់បញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗផងដែរ។ ចំណែកឯតៃកុងរថយន្តបង្កវិញ បានរត់គេចខ្លួនពីកន្លែងកើតហេតុបាត់ស្រមោល រីឯបុរសជាព្រូចំនួន២នាក់ទៀតត្រូវសមត្ថកិច្ចឃាត់បាននៅនឹងកន្លែងកើតហេតុ។
បន្ទាប់ពីកើតហេតុខាងលើ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក ចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកជាបណ្ដោះអាសន្នរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕
