បន្ទាយមានជ័យ៖ 

កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនក្រុមកាប់យកម៉ូតូ និងអ្នកទទួលផល ចោរកម្មចំនួន09នាក់ ជាបបន្តបន្ទាប់ ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្ត បន្ទាយមានជ័យ អនុវត្តតាមនីតិវិធី នៅថ្ងៃទី07 ខែកុម្ភៈ ឆ្នាំ2026។

 លោក វរសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការស្តីទីមូលដ្ឋានកងរាជអាវុធហត្ថក្រុង ប៉ោយប៉ែត បានឲ្យដឹងថា ក្រុមជនសង្ស័យទាំងនេះ បានធ្វើសកម្មភាពកាន់កាំបិតជិះម៉ូតូ ដេញឆាបជនរងគ្រោះយកម៉ូតូ01គ្រឿង នៅសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី02 ខែកម្ភៈ ឆ្នាំ2026។ ក្រោយពីទទួលពាក្យបណ្តឹងពីជនរងគ្រោះ នៅថ្ងៃទី02និងទី03 ខែកុម្ភៈ ឆ្នាំ2026 កម្លាំង កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានស្រាវជាវ និងសហការជាមួយកម្លាំងតាមបណ្តា ស្រុកក្រុងផ្សេងៗ ក្នុងខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនក្រុមជនសង្ស័យជាបន្តបន្ទាប់បាន ចំនួន06នាក់ ដែលឃាត់ខ្លួននៅក្រុងប៉ោយប៉ែត02នាក់ នៅក្រុងសិរីសោភ័ណ02នាក់ និងស្រុកមង្គលបូរី02នាក់។

លោក វរសេនីយ៍ឯក តិល តៃលីវ បានបញ្ជាក់ថា៖ ដោយមានការសហការពីក្រុម ជនសង្ស័យ កម្លាំងជំនាញសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង ប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី គង់ រិទ្ធា មន្ត្រីនគរបាលយុត្តិធម៌មូលដ្ឋាន កងរាជអាវុធហត្ថក្រុងបានបន្ដស្រាវជ្រាវរកបក្ខពួកដែលទទួលទិញ-លក់ម៉ូតូ(ទទួលផលចោរកម្ម) ឃាត់ខ្លួនបានចំនួន03នាក់បន្ថែមទៀត នៅថ្ងៃទី05 ខែកុម្ភៈ ឆ្នាំ2026 នៅចំណុចភូមិថ្នល់កែង ឃុំអូរអណ្ដូង និងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ក្នុងប្រតិការនេះដកហូតបានវត្ថុតាងរួមមាន៖ ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ 2026 ផ្លាកលេខ បន្ទាយមានជ័យ 1AE-1844 ចំនួន០1គ្រឿង(ប្រគល់ជូនជនរងគ្រោះ វិញ)។ ដោយឡែកម៉ូតូ4គ្រឿងទៀត និងផ្លាកលេខម៉ូតូ ភ្នំពេញ 1JN 6647 ចំនួន1សន្លឹក ត្រូវបានរក្សាទុកនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត។           

បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយ ដើម្បីអនុវត្តតាមនីតិវិធី៕