យោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយក្រសួងមហាផ្ទៃ និងសន្តិសុខជាតិនៅតំបន់ហ្គាហ្សា ពលរដ្ឋប៉ាឡេស្ទីនសរុបចំនួន 12 នាក់ ក្នុងនោះស្ត្រី 9 នាក់ និងកុមារ 3 នាក់ បានវិលត្រឡប់ពីប្រទេសអេហ្ស៊ីប មកកាន់តំបន់ហ្គាហ្សាវិញ ក្នុងថ្ងៃដំបូងនៃការបើកច្រកឆ្លងកាត់ក្រុងរ៉ាហ្វា ជាផ្លូវការ។ សេចក្តីថ្លែងការណ៍នេះក៏បានបញ្ជាក់ថា មនុស្សទាំង 12 នាក់នេះ បានទទួលជំនួយផ្នែកវេជ្ជសាស្រ្ត និងបានបញ្ចប់នីតិវិធីចេញចូលចាំបាច់។ ច្រកឆ្លងកាត់ក្រុងរ៉ាហ្វា ស្ថិតនៅព្រំដែនភាគខាងត្បូងនៃតំបន់ហ្គាហ្សា ជាមួយប្រទេសអេហ្ស៊ីប ត្រូវបានបិទ ចាប់តាំងពីខែឧសភា ឆ្នាំ 2024 នៅពេលដែលយោធាអ៊ីស្រាអែល វាយដណ្តើមគ្រប់គ្រងទឹកដីជាច្រើនក្នុងតំបន់ ខណៈដែលមុនពេលនៃការបិទទ្វារ ច្រកនេះ បម្រើជាច្រកទ្វារសំខាន់របស់តំបន់ហ្គាហ្សាទៅកាន់ពិភពខាងក្រៅ ជាពិសេស ការនាំចូលនៃជំនួយមនុស្សធម៌អន្តរជាតិ។ ច្រកឆ្លងកាត់នេះ បានចាប់ផ្តើមបើកសាកល្បងកាលពីថ្ងៃទី 1 ខែកុម្ភៈ និងត្រូវបានបើកជាផ្លូវការនៅថ្ងៃទី 2 ខែកុម្ភៈ ដោយអនុញ្ញាតឲ្យមានការប្រើប្រាស់ទ្វេភាគីមានកំណត់សម្រាប់មនុស្ស ក្រោមលក្ខខណ្ឌមានកម្រិត។ យ៉ាងណាមិញ ក្រុមសកម្មប្រយុទ្ធហាម៉ាស បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសការឃុំខ្លួនរបស់អ៊ីស្រាអែល និងការត្រួតពិនិត្យយ៉ាងតឹងរឹងលើពលរដ្ឋប៉ាឡេស្ទីន ដែលឆ្លងកាត់ច្រកនេះ ដោយពួកគេនិយាយថា វិធានការទាំងនេះ គឺធ្វើលើសពីការត្រួតពិនិត្យសន្តិសុខធម្មតា និងមានបំណងបំភិតបំភ័យជនស៊ីវិល និងរារាំងពួកគេមិនឲ្យវិលត្រឡប់មកកាន់លំនៅដ្ឋានវិញ។ ក្រុមហាម៉ាស ក៏បានអំពាវនាវឲ្យអ៊ីស្រាអែលគោរពតាមដំណាក់កាលទីពីរនៃកិច្ចព្រមព្រៀងបទឈប់បាញ់ ដោយបើកច្រកឆ្លងកាត់ក្រុងរ៉ាហ្វាឡើងវិញយ៉ាងពេញលេញ គ្មានការរឹតត្បិត និងធានាសុវត្ថិភាព និងសេរីភាពក្នុងការត្រលប់របស់ប្រជាជន។
