ប្រទេសបង់ក្លាដែស ដែលជាប្រទេសអាស៊ីខាងត្បូងមួយ មានប្រជាជនសរុបប្រមាណ 177 លាននាក់ នឹងធ្វើការបោះឆ្នោតជាតិនៅថ្ងៃទី 12 ខែកុម្ភៈខាងមុខ ដែលជាការបោះឆ្នោតជាតិលើកដំបូងរបស់ប្រទេសនេះ ចាប់តាំងពីការបះបោររយៈពេលជិត 2 ឆ្នាំមុន ដែលបានផ្តួលរំលំអតីតលោកស្រីនាយករដ្ឋមន្ត្រី សៀក ហាស៊ីណា ។ ការបោះឆ្នោតនេះ គឺជាពេលដំបូងដែលគ្មានវត្តមានរបស់លោកស្រី ហាស៊ីណា ចាប់តាំងពីឆ្នាំ 2008 ដោយបន្សល់ទុកសមរភូមិប្រកួតប្រជែងនេះ ទៅលើគណបក្សជាតិនិយមបង់ក្លាដែសរបស់អតីតនាយករដ្ឋមន្ត្រី ខាលីដា សៀរ និងគណបក្សអ៊ីស្លាម ចាម៉ាត់ អី អីស្លាមី។ គួរបញ្ជាក់ផងដែរថា អំឡុងពេលនៃការបះបោរកាលពីឆ្នាំ 2024 យុវជនបង់ក្លាដែសរាប់ម៉ឺននាក់ ដែលមិនពេញចិត្តនឹងការគាបសង្កត់អស់រយៈពេលជាច្រើនឆ្នាំ បូករួមទាំងកង្វះខាតការងារ និងវិបត្តិសេដ្ឋកិច្ចក្រោមការគ្រប់គ្រងរបស់លោកស្រី ហាស៊ីណា នោះ បានប្រមូលផ្តុំគ្នាធ្វើបាតុកម្ម ទាមទារការផ្លាស់ប្តូរនៅក្នុងប្រទេស ព្រមទាំងទាមទារឲ្យលោកស្រី ហាស៊ីណា ចុះចេញពីតំណែង។
