លោកប្រធានាធិបតីប្រទេសអ៊ុយក្រែន ហ្សេលេនស្គី បានសម្តែងការចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារជនរងគ្រោះ ដែលស្លាប់ បន្ទាប់ពីការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ី លើរថយន្តក្រុងមួយគ្រឿងដែលដឹកកម្មកររ៉ែ ដែលបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ 15 នាក់ស្លាប់បាត់បង់ជិវិត។ ថ្លែងក្នុងសុន្ទរកថាប្រចាំថ្ងៃ លោកប្រធានាធិបតី ហ្សេលេនស្គី បានលើកឡើងពីស្ថានការណ៍បច្ចុប្បន្ន ដែលប្រជាជនអ៊ុយក្រែនកំពុងប្រឈមមុខ យោងតាមការវាយប្រហាររបស់រុស្ស៊ីលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន។ ទីក្រុងគៀវ កំពុងស្ថិតនៅក្រោមសម្ពាធរបស់អាមេរិកក្នុងការយល់ព្រមលើកិច្ចព្រមព្រៀងសន្តិភាពមួយដើម្បីបិទបញ្ចប់សង្គ្រាមរយៈពេលជិត  4 ឆ្នាំនេះ។ លោកប្រធានាធិបតី ហ្សេលេនស្គី បានបញ្ជាក់ថា កិច្ចចរចារសន្តិភាពជុំថ្មី នឹងធ្វើឡើងនៅថ្ងៃទី 4 និងទី 5 ខែកុម្ភៈខាងមុខ នឹងថាអ៊ុយក្រែន ដែលកំពុងតស៊ូដើម្បីបញ្ឈប់ការសម្រុកទៅមុខរបស់រុស្ស៊ី បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការចរចា "សំខាន់ៗ" ណាមួយ។