មហាសេដ្ឋីប្រពន្ធ័ផ្សព្វផ្សាយ និងជាសកម្មជនគាំទ្រប្រជាធិបតេយ្យក្នុងទីក្រុងហុងកុង លោក ជីមី ឡាយ ត្រូវបានតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគាររយៈពេល 20 ឆ្នាំ ក្រោមបទចោទប្រកាន់ឃុបឃិតជាមួយកងកម្លាំងបរទេស និងបះបោរ ដែលនេះ ជាការដាក់ទោសមួយដ៏ធ្ងន់ក្រោមច្បាប់សន្តិសុខជាតិដែលប្រទេសចិន បានដាក់ឲ្យអនុវត្តលើទីក្រុងហុងកុង។ លោក ជីមី ឡាយ វ័យ 78 ឆ្នាំ ជាស្ថាបនិកកាសែត អេផល ដេលី ដែលបច្ចុប្បន្នត្រូវបានបិទទ្វារនោះ ត្រូវបានជាប់ឃុំរយៈពេលជាង 5 ឆ្នាំរួចទៅហើយក្នុងពន្ធនាគារ ហើយការកាត់ទោស ដាក់ពន្ធនាគារ 20 ឆ្នាំនេះ គឺប្រៀបបានដូចជាការដាក់ទោសលោក ជីមី ឡាយ ឲ្យជាប់ពន្ធនាគារអស់មួយជីវិត។ គួរបញ្ជាក់ផងដែរថា លោក ជីមី ឡាយ ត្រូវបានប៉ូលិសក្រុងហុងកុង ចាប់ខ្លួនជាលើកដំបូងកាលពីខែសីហា ឆ្នាំ 2020 និងត្រូវបានកាត់ទោសឲ្យជាប់ពិរុទ្ធកាលពីឆ្នាំ 2025 ខណៈដែលលោកបានបដិសេធរាល់ការចោទប្រកាន់ទាំងអស់ប្រឆាំងនឹងរូបលោក ដោយថា លោកជា «អ្នកទោសនយោបាយ» ដែលកំពុងប្រឈមមុខនឹងការធ្វើទុក្ខបុកម្នេញពីទីក្រុងប៉េកាំង។