លោក ជេប៊ី ប្រ៊ីតស្គឺ អភិបាលរដ្ឋ អីលីនយ របស់សហរដ្ឋអាមេរិក បានសរសេរលិខិតមួយច្បាប់ផ្ញើរទៅកាន់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដោយទាមទារឲ្យលោកសងប្រាក់ចំនួន 8.68 ពាន់លានដុល្លារអាមេរិក បន្ទាប់ពីតុលាការកំពូលរបស់អាមេរិកបានសម្រេចថា អត្រាពន្ធដ៏ច្រើនលើសលប់របស់លោកប្រធានាធិបតី ត្រាំ នេះ គឺខុសច្បាប់។ នៅក្នុងលិខិត លោក ប្រ៊ីតស្គឺ បាននិយាយក្នុងនាមជាប្រជាជនរស់នៅក្នុងរដ្ឋ អីលីនយ ថា លោកបានទាមទារឲ្យមានសំណងជាទឹកប្រាក់ចំនួន 1700 ដុល្លារអាមេរិក សម្រាប់គ្រួសារនីមួយៗចំនួន 5.105.448 គ្រួសារ ដែលរស់នៅក្នុងរដ្ឋ អីលីនយ នេះ។ គួរបញ្ជាក់ផងដែរថា នៅក្នុងសេចក្តីសម្រេច តុលាការកំពូលអាមេរិកបានសម្រេចថា គោលនយោបាយពន្ធគយក្រោមច្បាប់អំណាចសេដ្ឋកិច្ចបន្ទាន់អន្តរជាតិ គឺផ្ទុយនឹងរដ្ឋធម្មនុញ្ញ ដោយលុបចោលជាផ្លូវការនូវពន្ធគយសកលដែលលោកប្រធានាធិបតី ត្រាំ បានដាក់ឲ្យអនុវត្ត ចាប់តាំងពីខែមេសា ឆ្នាំ 2025 ខណៈដែលតុលាការបានបញ្ជាក់ថា ប្រធានាធិបតីអាមេរិក មិនមានសិទ្ធិអំណាចក្រោមគោលនយោបាយពន្ធគយ ក្រោមច្បាប់អំណាចសេដ្ឋកិច្ចបន្ទាន់អន្តរជាតិ ក្នុងការដាក់ពន្ធនាំចូលលើទំនិញពីដៃគូពាណិជ្ជកម្មស្ទើរតែទាំងអស់របស់អាមេរិកនោះទេ។
