ប្រធានសហព័ន្ធខ្មែរកីឡាអត្តពលកម្មស្ម័គ្រចិត្ត លោក ដួង មាសចំរើន បានបង្ហាញការសាទរទៅដល់ព្រឹត្តិការណ៍ប្រកួតកីឡាអត្តពលកម្មវិទ្យាស្ថានខេមអេដ ប្រចាំឆ្នាំ ២០២៦ ដែលបានបំបែកកំណត់ត្រា មាននិស្សិតចូលរួមជិត ៨០០ នាក់ ហើយសម្ទុះនេះ វាជាសញ្ញាណល្អទាំងការពង្រឹងសក្តានុពលក្នុងការប្រកួតថ្នាក់ជាតិ និងអន្តរជាតិ ជាពិសេសការឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន របស់កម្ពុជា នៅឆ្នាំ ២០២៨។
លោក ដួង មាសចំរើន បានអះអាងថា វិទ្យាស្ថានខេមអេដ ពិតជាទទួលបានជោគជ័យ ខ្លាំង ទៅលើការរៀបចំឱ្យមានការប្រកួតកីឡាអត្តពលកម្ម ប្រចាំឆ្នាំនេះ ដោយមានក្រុមនិស្សិតចូលរួមកាន់តែច្រើន។ ជាក់ស្តែង នៅឆ្នាំ២០២៦នេះ មាននិស្សិតចូលរួមរហូតដល់ ៧៧៥ នាក់ ហើយពួកគេបានប្រកួត នៅលើវិញ្ញាសាជាច្រើន ដែលសហព័ន្ធ កំពុងសម្រួចឆ្ពោះទៅកាន់ការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន ដែលកម្ពុជា ត្រូវធ្វើជាម្ចាស់ផ្ទះ។
តាមរយៈការប្រកួតកីឡាអត្តពលកម្មវិទ្យាស្ថានខេមអេដ ឆ្នាំ ២០២៦ ដែលត្រូវបានរៀបចំឡើង នៅពហុកីឡដ្ឋានជាតិ កាលពីថ្ងៃទី ១ ខែកុម្ភៈនេះ លោក ដួង មាសចំរើន បានមើលឃើញថា កីឡាករ កីឡាការិនី ដែលទទួលបានចំណាត់ថ្នាក់មេដាយ សុទ្ធតែមានកម្រិតបច្ចេកទេស និងសិទ្ធផលល្អ។ ជាមួយគ្នានេះ លោកសង្ឃឹមថា នឹងមានគ្រឹះស្ថានសិក្សាជាច្រើនទៀត រៀបចំព្រឹត្តិការណ៍កីឡាឱ្យបានផុសផុលដូចវិទ្យាស្ថានខេមអេដ ដើម្បីឱ្យសហព័ន្ធ បានលទ្ធភាពកាន់តែច្រើន ក្នុងការសម្លឹងរកអត្តពលិកមានទេពកោសល្យ និងសមត្ថភាព ចូលរួមជាមួយក្រុមជម្រើសជាតិ ដើម្បីត្រៀមការប្រកួតថ្នាក់ជាតិ អន្តរជាតិ ជាពិសេសការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន ឆ្នាំ ២០២៨។
សម្រាប់ការប្រកួតកីឡាអត្តពលកម្មវិទ្យាស្ថានខេមអេដ ឆ្នាំនេះ មាន ១៤វិញ្ញាសា រួមមានរត់ចម្ងាយ៥គីឡូម៉ែត្របុរស, ៣គីឡូម៉ែត្រនារី, រត់ល្បឿន១០០គីឡូម៉ែត្រ (បុរស-នារី) លោតចម្ងាយ (បុរស-នារី), លោតកម្ពស់ (បុរស-នារី), ចោលដុំដែក (បុរស-នារី), ចោលថាស (បុរស-នារី) និងចោលស្ន (បុរស-នារី) ហើយក្រៅពីនេះ សាលាក៏បានរៀបចំឱ្យមានការប្រកួតកីឡាប៉េតង់ ផងដែរ។
