ភ្នំពេញ៖
នារីជនជាតិចិនម្នាក់រងរបួសធ្ងន់ ត្រូវបានដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗ បន្ទាប់ពីបុកឃីងហៅរថយន្តតាក់ស៊ីជិះ ស្រាប់តែមានខ្មាន់កាំភ្លើងជាជនជាតិចិន រត់មក ទាញទ្វារថយន្ត រួចដកកាំភ្លើងបាញ់នារីរងគ្រោះចំត្រង់ចង្កេះនិងពោះ បណ្តាលឲ្យរងរបួសធ្ងន់ ហើយ ខ្មាន់កាំភ្លើង រត់គេចខ្លួនបាត់ស្រមោល។
ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះដែរ បានកើតឡើងកាលពីវេលាម៉ោង៧:៣០នាទីយប់ថ្ងៃទី១០ខែកុម្ភៈ ឆ្នាំ២០២៦ ចំណុចក្បែអាគារ The Peak ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ដោយនារីរងគ្រោះជាជន ជាតិចិន រួមនិងបុរសម្នាក់ទៀត ជាជនជាតិចិនដូចគ្នាត្រូវជាគូរស្នេហ៍ បានបុកឃីងហៅ តាក់ស៊ីជិះ ។ ខណៈតាក់ស៊ីបើកមកដល់ ក៏នារីរងគ្រោះនិងគូរស្នេហ៍ បានដើរចេញពី អគារ The Peak រួចចូលឡើងរថយន្ដតាក់ស៊ីនោះម៉ាក Toyota Prius ពណ៌ស ពាក់ ផ្លាកលេខភ្នំពេញ 2CC-9548 ។
ខណៈពេលចូលទៅក្នុងរថយន្ត បានបិតទ្វារ ស្រាប់តែគេ ឃើញមានខ្មាន់កាំភ្លើងជាបុរសជនជាតិចិនម្នាក់ស្លៀកពាក់ស រត់មកដល់ទាញទ្វាររថយន្ត ហើយ ចូលទៅបាញ់នារីរងគ្រោះ បណ្តាលឲ្យរងរបួសធ្ងន់ចំ។ ចំណែកឯបុរសជាគូរស្នេហ៍ ខ្មាន់កាំភ្លើងមិនបានបាញ់នោះទេ ហើយ ក៏រត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល។ រីឯនារីរងគ្រោះត្រូវបានរថយន្ត តាក់ស៊ី ដឹកយកទៅសង្រ្គោះនៅឯមន្ទីពេទ្យរដ្ឋមួយកន្លែង។
បន្ទាប់ពីកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋានសហការជាមួយកម្លាំងអាវុធហត្ថខណ្ឌ ចំការមន ចុះមកដល់ធ្វើការឃាត់បុរសជាគូស្នេហ៍ រួមទាំងតៃកុងរថយន្តតាក់ស៊ី យកទៅ ធ្វើការសួរនាំបន្តជុំវិញពាក់ព័ន្ធករណីខាងលើ។ ចំណែកឯខ្មាន់កាំភ្លើង សមត្ថកិច្ចនឹងធ្វើការសាវជ្រាវដើម្បីតាមឃាត់យកមកចាត់ការតាមនីតិវិធីច្បាប់៕
