(ភ្នំពេញ)៖
ផ្ទះពីរល្វែងរបស់ថៅកែនំខេក អេចអ័រ២ នៅឬស្សីកែវ ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅអស់រយៈពេលជាច្រើនម៉ោង បណ្ដាលឲ្យភរិយា ព្រមទាំងកូនប្រុសស្រី២នាក់ អោបគ្នាស្លាប់និងបុគ្គលិក១នាក់ ទាំងអស់៤នាក់ ជាប់ក្នុងផ្ទះបានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១០និង២០នាទីយប់ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅចំណុចផ្ទះលេខ 8D-9D ផ្លូវបេតុង ក្រុមទី១៤ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិត៖
១- ឈ្មោះ ហូ ម៉ារ៉ា ភេទស្រី អាយុ ៣៧ឆ្នាំ ជាថៅកែស្រី,២ឈ្មោះ ហេន សុខហេង ភេទប្រុសអាយុ៨ឆ្នាំ,៣.ឈ្មោះ ហេន ស្រីពេជ្រ ភេទស្រីអាយុ៤ឆ្នាំនិង៤.ឈ្មោះភ័ក្រ ស្រីកាភេទស្រី អាយុ១៤ឆ្នាំ ជាបុគ្គលិកមានទីលំនៅ ឃុំរការប្រាំ ខេត្ត ត្បូងឃ្មុំ។
ចំណែកមនុស្សដែលរងរបួស មានចំនួន៥នាក់ ស្រី១នាក់រងរបួសធ្ងន់ និង ប្រុស៣នាក់ ជាក្រុមជំនួយស្ម័គ្រចិត្ត។
សម្រាប់ប្រតិបត្តិការសង្គ្រោះ សមត្ថកិច្ចប្រើរថយន្តការិយាល័យបង្ការ ពន្លត់អគ្គិភ័យ និងាង្គ្រោះចំនួន២២គ្រឿង (ប្រើប្រាស់ទឹកអស់ចំនួន១៧៦ឡាន), រថយន្តក្រសួងមហាផ្ទៃ ចំនួន៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន២ឡាន, រថយន្តសាលាខណ្ឌឬស្សីកែវ ចំនួន៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៤ឡាន, រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់២ឡាន។
សម្រាប់ប្រតិបត្តិការនេះ លោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ បានដឹកនាំបញ្ជាបាញ់ពន្លត់ភ្លើង។ បច្ចុប្បន្ននេះ កម្លាំងសមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវដើមហេតុដែលនាំឲ្យមានអគ្គិភ័យនេះកើតឡើង៕
