ក្រសួងការបរទេសប្រទេសអ៊ីរ៉ង់ អ៊ីរ៉ាក់ និងប៉ាឡេស្ទីន បានថ្កោលទោសការលើកឡើងរបស់ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអ៊ីស្រាអែល គឺលោក មៃ ហាក់កាប៊ី ដែលថាអ៊ីស្រាអែលមានសិទ្ធិទាមទារការគ្រប់គ្រងលើតំបន់មជ្ឈិមបូព៌ាទាំងមូលនោះ។ លោក ហាក់កាប៊ី បាននិយាយថា អ៊ីស្រាអែលមាន "សិទ្ធិ" ក្នុងការទាមទារការគ្រប់គ្រងលើតំបន់មជ្ឈិមបូព៌ាទាំងមូល ឬយ៉ាងហោចណាស់ភាគច្រើននៃតំបន់នេះ។ ឆ្លើយតបនឹងការលើកឡើងនេះ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក អីសមែល បាហ្កាអី បាននិយាយថា ពាក្យសម្ដីរបស់លោក ហាក់កាប៊ី គឺជា "ការបញ្ជាក់យ៉ាងច្បាស់ ចំពោះការជាប់ពាក់ព័ន្ធយ៉ាងសកម្មរបស់អាមេរិកនៅក្នុងសង្គ្រាមឈ្លានពានពង្រីកទឹកដីរបស់អ៊ីស្រាអែល ក៏ដូចជាការប្រល័យពូជសាសន៍លើប្រជាជនប៉ាឡេស្ទីន" ខណៈដែល "វោហាសាស្ត្រមនោគមវិជ្ជាជ្រុលនិយមបែបនេះ" នឹងធ្វើឲ្យអ៊ីស្រាអែលកាន់តែក្លាហានក្នុងការបន្ត "អំពើឃោរឃៅ ឧក្រិដ្ឋកម្ម និងវិធានការខុសច្បាប់" របស់ខ្លួន ប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីន ក៏ដូចជា "ការឈ្លានពានឥតឈប់ឈរ" របស់ខ្លួនប្រឆាំងនឹងប្រទេសផ្សេងទៀតក្នុងតំបន់។