លោកស្រី កាចា កាឡាស ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប បានថ្លែងថា រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប បានបរាជ័យក្នុងការឈានដល់កិច្ចព្រមព្រៀងលើកញ្ចប់ទណ្ឌកម្មទី 20 ប្រឆាំងនឹងប្រទេសរុស្ស៊ី បន្ទាប់ពីប្រទេសហុងគ្រីបានបដិសេធមិនគាំទ្រវិធានការទាំងនេះ។ គួរបញ្ជាក់ផងដែរថា ប្រទេសហុងគ្រី និងស្លូវ៉ាគី បានចាត់វិធានការតបត "ទៅវិញទៅមក" ប្រឆាំងនឹងប្រទេសអ៊ុយក្រែន បន្ទាប់ពីការរំខានដល់ការដឹកជញ្ជូនប្រេងតាមរយៈបំពង់បង្ហូរប្រេង ឌ្រុសបា ដោយលោក ភីធើ ហ្ស៊ីចាតូ រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មប្រទេសហុងគ្រី បាននិយាយថា ទីក្រុង ប៊ូដាប៉ែស បានបញ្ជាក់យ៉ាងច្បាស់នៅក្នុងកិច្ចប្រជុំថា ខ្លួននឹងមិនគាំទ្រ ឬអនុម័តកញ្ចប់ទណ្ឌកម្មដែលបានគ្រោងទុកនោះទេ ហើយក៏នឹងរារាំងសំណើរបស់សហភាពអឺរ៉ុប ដើម្បីផ្តល់ប្រាក់កម្ចីចំនួន 90 ពាន់លានអឺរ៉ូ ឬស្មើនឹងប្រមាណ 107 ពាន់លានដុល្លារអាមេរិកដល់ប្រទេសអ៊ុយក្រែនដែរ។
