ភ្នំពេញ៖ 

បុរសជនជាតិចិនម្នាក់ បានបើករថយន្តស៊េរីទំនើបមួយគ្រឿងក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្នក៏រ៉េចង្កូតជ្រុលទៅបុករបាំងថ្មពុះចែទ្រូងផ្លូវយ៉ាងពេញទំហឹង បណ្ដាលឱ្យបាក់មួយកង់ ហើយ រថយន្តមិនទាន់អស់ល្បឿន បន្តទៅបុកបង្គោលកៅឡាក់បាក់ចំនួនពីដើមបន្ថែមទៀត ចំណែករថយន្តបង្ក ខូចខាតមួយកំណត់មុខយ៉ាងដំណំ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបានកើតឡើងកាលពីវេលាម៉ោង 1:30 នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី2 ខែកុម្ភៈឆ្នាំ 2026 ស្ថិតនៅលើផ្លូវព្រះមុនីវង្ស ចំណុច ក្បែរស្តុបស្ថានទូតវៀតណាមក្នុងសង្កាត់ទន្លេបាសាក់ខណ្ឌចំការមនរាជធានីភ្នំពេញ។

បើតាមការបញ្ជាក់ពីកន្លែងកើតហេតុ បានឲ្យដឹងថាមុនកើតហេតុ គឺឃើញរថយន្តស៊េរីទំនើបពណ៌ខ្មៅ មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2CG-1801បើកបរដោយបុរសជនជាតិចិនម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីវង្សទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន. លុះពេលបើកមកដល់ត្រង់ចំណុចកើតហេតុខាងលើខ្វះការប្រុងប្រយ័ត្នក៏បានរ៉េចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បាក់ចំនួនមួយកង់។

ចំណែករថយន្តមិនទាន់អស់ល្បឿនបន្តទៅបុកបង្គោលកៅឡាក់បាក់ចំនួនពីដើមបន្ថែមទៀត ធ្វើឲ្យរថយន្តដាច់កង់ម្ខាងទៅមុខលែងរួច រងការខូចខាតយ៉ាងធ្ងន់ធ្ងរ សំណាងល្អមិនបង្កឲ្យមានគ្រោះថ្នាក់ទៅដល់មនុស្ស ចំណែកអ្នកបើកបរ ជាជនជាតិចិនត្រូវសមត្ថកិច្ចឃាត់នៅកន្លែងកើតហេតុ។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ ចុះមកពិនិត្យ និង វាស់វែងស្ទូចយករថយន្តបង្កខាងលើ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញជាបណ្តោះអាសន្នរង់ចាំការដោះស្រាយគ្នានៅពេលក្រោយ៕